កណ្ដាល ៖ មនុស្សប្រុស/ស្រីចំនួន៣នាក់បានស្លាប់រណូករណែលតាមផ្លូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៣នាក់បើកលឿនជ្រុលទៅបុកគោយន្តកំពុងបើកឆ្លងផ្លូវ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង ៥ៈ១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ ឈាង ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ។ ទី២ ឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅក្នុងភូមិឃុំជាមួយគ្នា។ ទី៣ ឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកមហមការនីរោងចក្រ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1GG1943 ឌុបគ្នាធ្វើដំណើរចេញពីស្រុក ឆ្ពោះទៅរោងចក្រនៅរាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិចល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលបុកផ្ទប់គោយន្ត កំពុងបើកឆ្លងកាត់ទទឹងផ្លូវពីជើងទៅត្បូង បត់ឆ្ពោះទៅកើត បណ្តាលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែង។ ស្របពេលដែលតាមដងផ្លូវមានសភាពស្ងាត់នៅឡើយ ជាឱកាសគោយន្តបើកគេចទៅបាត់ បន្សល់ទុកតែសពជនរងគ្រោះ៣នាក់ និងម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ និងទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលសពយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន និងបន្តស្រាវជ្រាវស្វែងរកគោយន្តមកចាត់ការតាមច្បាប់៕
អត្ថបទ៖ តាតុង សែនជ័យ

