កណ្តាល ៖ ក្រោយពីកើតមានករណីគ្រោះថ្នាក់ចរាចរ ដោយម៉ូតូបុកគោយន្ត បណ្តាលឲ្យមនុស្សស្លា.ប់៣នាក់ ក្នុងនោះមានស្រី២នាក់នៅតាមផ្លូវជាតិលេខ១ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ហើយគោយន្តបើកគេចទៅបាត់ រហូតមកដល់រសៀលថ្ងៃដដែល កម្លាំងនគរបាលជំនាញ ស្រុកកៀនស្វាយ នៅថ្ងៃដដែលបានធ្វើការស្រាវជ្រាវ ស្វែងរកគោយន្ត ឃើញហើយ គឺគេបានបើកយកទៅលាក់នៅតាមផ្លូវលំក្នុងភូមិកើតហេតុ ។

អ្នកបើកបរគោយន្តមានឈ្មោះ ផាត់ សារឿន រស់នៅក្នុងភូមិកើតហេតុ ។

ក្រោយការស្រាវជ្រាវឃើញថា ម៉ូតូជនរងគ្រោះបើកបុកគោយន្តពីក្រោយ ក្នុងទិសដីពីកើតទៅលិចស្របទិសគ្នា មិនមែនគោយន្តបើកឆ្លងផ្លូវនោះឡើយឡើយ ។

ជនរងគ្រោះស្លាប់ទាំង៣នាក់ ទី១ ឈ្មោះ ឈាង ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ ។ ទី២ ឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។ ទី៣ ឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅក្នុងភូមិឃុំជាមួយគ្នា៕

អត្ថបទ៖តាតុង សែនជ័យ

Share.