បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន២៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំ បន្ទាប់ពីជិះម៉ូតូកែច្នៃបំពង់សុីម៉ាំង បង្ហោះតាមដងផ្លូវសាធារណៈ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ បានធ្វើសកម្មភាពជិះម៉ូតូ កែច្នៃបំពង់សុីម៉ាំង រោទ៍កងរំពង បង្ហោះតាមដងផ្លូវ ក្នុងក្រុងសិរីសោភ័ណ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ទើបត្រូវបាន កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល បង្ក្រាបចាប់ឃាត់ខ្លួន ។

ក្រោយពីឃាត់បានក្រុមក្មេងទាំងនោះ សមត្ថកិច្ចនាំទៅធ្វើការអប់រំ ពិន័យឲ្យរត់ចំនួន២៦ជុំដងទង់ជាតិ រួចឱ្យឪពុកម្ដាយទៅធានាធ្វើកិច្ចសន្យាជាលើកទី១ ក្នុងករណីមិនរាងចាល បើសិនឃាត់បានលើកទី២ នោះនឹងចាត់វិធានការតាមផ្លូវច្បាប់ហើយ ៕


អត្ថបទ៖តាតុង សែនជ័យ
