កណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាន ចំណែក៧នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូស្កុបពី បានសម្រេចពីយុវជនម្នាក់ បណ្តាលឲ្យរងរបួស ដេរ៣០ថ្នេរ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិតារាប ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតារាប ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល1AM-6603 ។ ចំណែកជនសង្ស័យ៣នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ ចាន់ សីហតុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២ ឈ្មោះ និច សិដ្ឋិគុណ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ទី៣ ឈ្មោះម៉ៅ សុភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតាង៉ូវ សង្តាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូទៅផ្ទះ ខណៈជិតដល់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យចំនួន១០នាក់ ជិះម៉ូតូ៥គ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ ស្ទាក់កៀរឲ្យឈប់ហើយកាប់ ចំខ្នង ២កាំបិត ដួលរងរបួសដេរ៣០ថ្នេរ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវ ស្ទាក់ចាប់បានជនសង្ស័យ ៣នាក់ រត់គេចបាត់៧នាក់ ។
ជនសង្ស័យ៣នាក់ត្រូវបាននាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុក និងបន្តស្រាវជ្រាវចាប់ចាប់បក្ខពួកបន្ថែមទៀត ៕
អត្ថបទ៖តាតុង សែនជ័យ
