ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាប់ខ្នោះសមត្ថកិច្ច បន្ទាប់ពីផឹកសុីស្រវឹង ប្រើប្រាស់កាំបិតបុ័ងតោទៅគាស់ទ្វារបន្ទប់ចូលចាប់ប្អូនថ្លៃស្រី ប៉ុនប៉ងរំលោភ តែមិនបានសម្រេច នាងរត់គេចស្រែកឆោឡោ ប្តឹងសមត្ថកិច្ចចុះទៅអន្តរាគមន៍ចាប់ខ្លួនបានភ្លាម កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នួន ភារៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ជាដើមបណ្តឹង ឈ្មោះ ស ស ម ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ ជានិស្សិតឆ្នាំទី១ មានទីលំនៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យនិងប្រពន្ធបាននាំគ្នាទៅ លេងផ្ទះប្អូនថ្លៃ ខណៈដែលឪពុកម្តាយនាងជាប់រវល់ចេញទៅខេត្តបាត់ ។ នៅពេលដែលទៅដល់ ជនសង្ស័យ រួមនិងបងប្អូនក្រុមគ្រួសារនាំគ្នាផឹកសុី លុះដល់ស្រវឹង ជនសង្ស័យនិងប្រពន្ធដេកសម្រាកជាន់ក្រោម ស្រាប់តែនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ គ្រាដែលប្រពន្ធខ្លួនដេកលង់លក់ ជនសង្ស័យឆ្លៀតឱកាស ប្រើប្រាស់កាំបិតបុ័ងតោ ឡើងទៅជាន់ឡៅតឿ ធ្វើសកម្មភាពគាស់ទ្វារបន្ទប់ប្អូនថ្លៃ ប៉ុនប៉ងចាប់រំលោភ គម្រាមសម្លាប់ តែមិនបានសម្រេច ដោយនាងរើបម្រាស់រួច ផ្អើលដល់ក្មួយស្រីនៅបន្ទប់ជាប់នោះ ក៏បើកភ្លើងបំភ្លឺ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ យកកាំបិតបោះចូលក្រោមគ្រែ ពួនសំងំក្នុងបន្ទប់ រីឯប្អូនថ្លៃរងគ្រោះ រត់គេចទៅក្រៅតែចាក់សោបន្ទប់បិទជាប់ ចុះមកក្រោមប្រាប់បងប្អូន នាំគ្នាទៅប្តឹងប៉ុស្តិ៍នគរបាល ចុះទៅអន្តរាគមន៍ សាកសួរ ត្រួតពិនិត្យ កន្លែងកើតហេតុ បើកទ្វារបន្ទប់ចូលចាប់ឃាត់ខ្លួនបានជនសង្ស័យទាំងយប់ ។

បើតាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ប៉ុនប៉ងចាប់ម្តងហើយ តែមិនដល់ថ្នាក់បញ្ចេញអាកប្បកិរិយាបែបនេះ ទើបមិនបានប្តឹង ហើយជនសង្ស័យក៏ធ្លាប់គម្រាមសម្លាប់ឪពុក ម្តាយក្មេកដែរ កាលពីអំឡុងចុងឆ្នាំ២០២១ ។ ជាងនេះទៅទៀត ជនសង្ស័យធ្លាប់បង្កហិង្សាដល់អ្នកដទៃ វាយបណ្តាលឲ្យរបួសស្នាម សងជំងឺចិត្តអស់៩ពាន់ដុល្លារ ដើម្បីបាននៅក្រៅឃុំ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក។ លុះមកដល់លើកនេះ ជនសង្ស័យមិនបានកែប្រែនោះឡើយបែរជាហ៊ានប្រព្រឹត្តល្មើសបែបនេះម្តងទៀត ។

យោងទៅតាមបណ្តឹងពីភាគីរងគ្រោះជាប្អូនថ្លៃ ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍កាកាបទី១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.