ភ្នំពេញ ៖ ស្ត្រី២នាក់រងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តធុនធំ ហុីយ៉ាន់ដាយ បើកបុកពីក្រោយ កាលពី វេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ កុល មរកត ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ជាងធ្វើក្រចក មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូ ។ ទី២ ឈ្មោះ សាន សៀរ៉ា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកាត់ដេរ មានទីលំនៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ចំណែកអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ វណ្ណ រី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភននំពេញ 1IV-9943 ឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង3A-2223 បើកបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុង សែនជ័យ

