ក្រសួង​ការបរទេស​ចិន​កាល​ពី​ថ្ងៃ​ ច័ន្ទ​ បាន​រំលឹក​ជា​ថ្មី​ថា បញ្ហាតៃវ៉ាន់​ខុស​គ្នា​ស្រលះ​ពី​បញ្ហា​អ៊ុយក្រែន​ ដោយ​បន្ថែម​ថា តៃវ៉ាន់​គឺ​ជា ​ផ្នែក​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​នៃទឹក​ដី​របស់​ចិន​​ ហើយបញ្ហា​តៃវ៉ាន់​គឺ​ជា ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​សុទ្ធ​សាធ​ដែល​មិន​អាច​ត្រូវ​បាន​ជ្រៀត​ជ្រែក​​ពី​បរទេស​នោះ​ដែរ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Wang Wenbin បាន​ធ្វើ​ការ​កត់​សម្គាល់​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ថា នៅ​ពេល​ដែល​ត្រូវ​សុំ​ឲ្យ​មាន​ការឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ ចំពោះ​សំណួរ​ថា តើ​តៃវ៉ាន់​គួរ​ឆ្លើយ​តប​បែប​ណា​? ប្រសិន​បើ​ចិន​ប្រើ​ចំណាត់​ការ​ដោយ​បង្ខំ​ ក្នុង​ករណី​ចាំ​បាច់​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​ Shangri-La នៅ​សិង្ហបុរី​ លោក Volodymyr Zelensky បាន​កត់​សម្គាល់​ថា «គំរូ​របស់​អ៊ុយក្រែន​ថ្ងៃ​នេះ​គឺជា​ គំរូ​សម្រាប់​ពិភព​លោកទាំង​មូល គ្មាន​នរណា​ទទួល​បាន​ផល​ប្រយោជន៍​ពី​សង្រ្គាម​ទេ ប្រសិន​បើ​មាន​ការ​កើត​ឡើង​។​ ​ហើយ​បើ​សិន​មាន​ច្រក​ចេញ​តាម​ផ្លូវ​ការទូត​ យើង​ត្រូវ​ប្រើ​វិធី​ការទូត​។ ប៉ុន្ដែ​វា​ត្រូវ​តែ​ជា​វិធី​ការពារ​ទុក​ជាមុន​ មិន​មែន​ត្រូវ​ធ្វើ​ឡើង​ក្រោយ​សង្រ្គាម​បាន​ចាប់​ផ្ដើមឡើយ​​»។

លោក​ Wang បាន​សង្កត់​ធ្ងន់​ថា «​យើង​បាន​កត់​សម្គាល់​ឃើញ​ថា លោក​ប្រធានាធិបតី​ Zelensky មិន​បាន​និយាយ​ចំ​ឈ្មោះ​តៃវ៉ាន់​ទេ​ តែផ្ទុយ​ទៅ​វិញ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ​ដែល​ព្យាយាម​ទាញ​យក​សំណួរ​បញ្ចូល​ក្នុង​បញ្ហា​នេះ​»។​

លោក​បន្ថែម​ថា ចិន​នឹង​ចាត់​វិធានការ​ខ្លាំង​ក្លា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប៉ុន​ប៉ង «ឯករាជ្យ​ភាព​តៃវ៉ាន់» ទាំង​អស់​ដែល​មាន​គោល​បំណង​បំបែក​ចេញ​ពី​ប្រទេស​ចិន​ ដើម្បី​ការពារ​យ៉ាង​រឹង​មាំ​នូវ​អធិបតេយ្យ​ភាព​ជាតិ​ និង បូរណភាព​ទឹកដី​៕

ប្រភព៖ China Military

Share.