ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខ ហើយបញ្ជូនទៅតុលាកាក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងទម្ងន់ជាង៥៤គីឡូក្រាម បន្ទាប់ពីបង្ក្រាបចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២កន្លងមក។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញ ក្រោមការសម្របសម្រួលពីលោក ស៊ិវង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានដល់បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

គោលដៅទី១. នៅចំណុចភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងគ្រឿងញៀនហេរ៉ូអុីន៧គីឡូក្រាមនិង២៦.២ក្រាម។

គោលដៅទី២. នៅចំណុចផ្លូវលេខ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូក្រាមនិង ៩៦៣.៧ ក្រាម, កេតាមីន១៣គីឡូក្រាមនិង៨ក្រាម ។

គោលដៅទី៣. ឆែកឆេរផ្ទះជួល T ១០៧.៣ នៅចំណុចផ្លូវលេខ២ ក្នុងបុរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាងមេតំហ្វេតាមីន(ICE)៦៨៨.៨៦ក្រាម ។

គោលដៅទី៤. ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាតមែនប៉ាវលី នៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)៤១៧.៣៥ក្រាម.ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម ។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១ ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន។ ទី២ ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងបានដកហូតវត្ថុតាងសារធាតុញៀន៥៤ គ.ក្រ , ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម, ហេរ៉ូអ៊ិន(HEROIN)ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម , មេតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម , កេតាមីន(KETAMINE)ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម , សារធាតុមិនច្បាស់ទម្ងន់១៩៣ក្រាម។

ក្រោយចាប់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង រហូតដល់ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ទើបបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ តាតុង សែនជ័យ

Share.