បាត់ដំបង៖ មន្ត្រីជំនាញបើកការជួសជុលសំណង់ព្រះវិហារបុរាណ វត្តសំរោងក្នុង អាយុ១៣០ឆ្នាំជាងក្រោយមានសភាពទ្រុឌទ្រោមពុកផុយខ្លាំង។
លោកតា ខន រ៉ន ប្រធានគណ:កម្មការវត្តសំរោងក្នុង បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ការសម្រេចជួសជុលឡើងវិញនូវតួអាគារព្រះវិហារ ពីសំណាក់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងគោលបំណងទប់ស្កាត់ការពុកផុយបាក់បែកអាគារខ្លាំងទៅៗ ពិសេសកំបោរផ្នែកស្រទាប់ខាងក្នុង និងខាងក្រៅវិហារដែលមានក្បាច់ក្បូរ រចនាបទផ្សេងៗ និងជាច្រើនទម្រង់របស់បុរាណដូនតាខ្មែរយើង។

លោកតា ខន រ៉ន បានបញ្ជាក់បន្ថែមថា អាគារព្រះវិហារអាយុជាង ១០០ឆ្នាំខាងលើ ចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែរទាំ អភិរក្ស ប៉ុន្តែក៏មិនអាចទុកចោលឲ្យចាស់ទ្រុឌទ្រោមខ្លាំងទៅៗពីមួយឆ្នាំ ទៅមួយឆ្នាំបានដែរ ពុំនោះទេអាគារសំណង់នោះនឹងពុកផុយប្រេះស្រាំបាក់បែករាបដល់ដីរហូតដល់បាត់រូបរាងជាក់ជាមិនខានឡើយ។ ម៉្យាងទៀតការកែលម្អរថ្មីឡើងវិញនេះមានសមាសភាពក្រុមជាងសុទ្ធតែមានបទពិសោធន៍យូរឆ្នាំសម្រិតសម្រាំងជួសជុលដោយយកចិត្តទុកដាក់តាមទម្រង់ចាស់ដដែលដើម្បីរក្សាទុកនូវស្នាដៃដ៏ល្អឯកជាកេរ្តិ៍តំណែលរបស់បុព្វបុរសដូនតាខ្មែរឲ្យបានគង់វង្សយូរអង្វែងតទៅទៀត សម្រាប់បន្សល់ទុកឲ្យអ្នកជំនាន់ក្រោយបានឃើញ ស្គាល់ និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលទស្សនាកម្សាន្ត។
លោកតាគណ:កម្មការវត្តសំរោងក្នុង បានទទូចសំណូមពរដល់ក្មេងៗ អ្នកជំនាន់ក្រោយត្រូវចូលរួមទាំងអស់គ្នាក្នុងការថែទាំ អភិរក្សសម្បត្តិដូនតាលើកកម្ពស់សំណង់ អាគារបុរាណ វប្បធម៌ជាតិខ្មែរឲ្យបានគង់វង្ស និងទាញជាប្រយោជន៍បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងសេដ្ឋកិច្ចសង្គមពីវិស័យទេសចរណ៍នេះ។

វត្តសំរោងក្នុង ជាទីវត្តបុរាណកសាងឡើងតាំងពីមុនសម័យលោកម្ចាស់ទៅទៀត តាមសំណេរតៗគ្នាបានបញ្ជាក់ថា តួព្រះវិហារដំបូងបំផុតកកើតនៅអំឡុងឆ្នាំ១៧០៧ ក្រោយមកអាគារវិហារខាងលើនេះក៏ចាស់ទ្រុឌទ្រោម ហើយព្រះចៅអធិការវត្តជំនាន់ទី៧ បានឯកភាពគ្នារុះរើចេញ និងចាប់ផ្តើមផ្តួចផ្តើមសាងសង់ថ្មីឡើងវិញនៅអំឡុងឆ្នាំ១៨៩០ ដោយលោកម្ចាស់នាយព្រះឃ្លាំងម៉ៅ ជាមេទ័ពស្បៀង និងលោកជំទាវ អ៉ឹង កក្នុងការកសសងព្រះវិហារសព្វថ្ងៃនេះ៕
អត្ថបទ៖ ដំបងក្រញូង

