ភ្នំពេញ ៖ យុវជនម្នាក់ដើរសុីចាយ ជក់ ចូលក្លឹប អស់លុយគ្មានសល់ មានតែជំពាក់លុយគេថែម បែកគំនិតចេញធ្វើសកម្មភាពឆក់កាបូបលុយ មិនដូចបំណង ឆក់បានហើយពីស្ត្រីម្នាក់កំពុងឈររកទិញម្ហូប ម្ចាស់ស្រែកចោរៗ ផ្អើលពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងអង្គតាមុិញ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបាន ឈ្មោះ អៀង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកផលិតផលអនឡាញ រស់នៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ អ៊ុក សុចិន្តា អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុ ។ កាបូបដែលជនសង្ស័យឆក់យក មានលុយចំនួនជាង៨លានរៀល ត្រូវបានដកហូតមកវិញហើយ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ កំពុងឈរទិញបង្គា ដោយភ្លេចខ្លួន ស្រាប់តែជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ម៉ានិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-3807 ទៅឈប់ក្រោយខ្នង ហើយធ្វើសកម្មភាពឆក់ទាញយកកាបូបលុយ បានសម្រេចហើយ ស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋក្បែរខាង ស្ទុះចាប់ជាប់ យកបានកាបូបមកវិញ ។

បើតាមសម្តីជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនជម្ពាក់លុយគេច្រើន ហើយនៅយប់ថ្ងៃទី១៣ ខែមិថុនា រួមជាមួយមិត្តភ័ក្រនាំគ្នាចូលក្លឹប ផឹកសុីអស់លុយ ជំពាក់លុយគេ១០០ដុល្លាថែមទៀត គ្មានលុយសង ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បែកគំនិតជិះម៉ូតូ ម្នាក់មួយគ្រឿងជាមួយបក្ខពួកម្នាក់ទៀត ដើរស្វែងរកលុយ បំណងយកទៅដោះបំណុលគេ ស្រាប់តែទៅដល់កន្លែងកើតហេតុ ក្រឡេកឃើញស្ត្រីរងគ្រោះ ឈរទិញម្ហូប ស្ពាយកាបូប ឈប់ម៉ូតូ ចូលទៅឆក់ទាញយកបានហើយ ម្ចាស់ស្រែក បោះកាបូបចោលវិញ បម្រុងជិះម៉ូតូគេច ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួន រីឯបក្ខពួកម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងគេចចេញទៅបាត់ ។

ជនសង្ស័យរួមជាមួយវត្ថុតាង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាបទី១ ក៏ប៉ន្តែរឿងរ៉ាវកើតហេតុ នៅក្នុងដឹកដីខណ្ឌសែនសុខ ទើបប្រគល់ជនសង្ស័យទៅឲ្យនគរបាលខណ្ឌសែនសុខវិញ ដើម្បីសាកសួរនិងកសាងសំណុំរឿង បន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុង​ សែនជ័យ

https://t.me/troryorngmedia
Share.