តារាសម្ដែងលោក ចន ( John ) បានលើកឡើងថា លោកពិតជាមិនគាំទ្រឱ្យមានវីដេអូប្លែកៗបង្កើតឡើង ដែលជាហេតុនាំឱ្យបំពុលសង្គម។ លោក ចន បានបង្ហាញវត្តមានសម្ភាសជាមួយអ្នកសារព័ត៌មានត្រយង កាលពីថ្ងៃសម្ពោធខ្សែភាពយន្តភាគខ្មែររឿង «រសជាតិអ្នកមាន វគ្គ៣» ហេឡូអ្នកម៉ាក់ របស់ស្ថាននីយទូរទស្សន៍ PNN។

លោក ចន បានចូលរួមសម្ដែងក្នុងរឿងភាគនេះជាតួលោកឧកញ៉ា ដែលលាតត្រដាងពីភាពហ៊ឺហា អំណាចទឹកលុយ និងបញ្ហាក្នុងគ្រួសាររបស់អ្នកមានស្តុកស្ដម។ លោក ចន ក៏បានលើកសរសើរចំពោះការប្រឹងប្រែងរបស់ លោកស្រី ពាន់ ភួង បុប្ផា ដែលបានសរសេរ និងដឹកនាំសម្ដែងរឿងនេះ យ៉ាងសម្រិតសម្រាំង ដើម្បីឱ្យមហាជនអ្នកទស្សនាទទួលបាននូវពុទ្ធិពីសាច់រឿងទាំងមូល។
លោក ចន ( John ) ចង់ឱ្យមហាជនបានទស្សនាភាពយន្តដែលមានគុណភាព និងគុណតម្លៃអប់រំ ជាជាងគាំទ្រនូវវីដេអូប្លែកៗដែលនាំឱ្យមានការបំពុលសង្គម។ លោកអំពាវនាវាថា គប្បីកុំផលិតវីដេអូបែប ស៊ីស្បែកជើង ស៊ីអាចម៍គោ អីទាំងនោះ ព្រោះវាជះឥទ្ធិពលមិនល្អដល់សង្គម និងអាចប៉ះពាល់ដល់ប្រជាជនទូទាំងប្រទេសផងដែរ។
តទៅនេះ សូមទស្សនាវីដេអូសម្ភាសន៍ និងការបកស្រាយរបស់លោក ចន ៖

