អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ ដើម្បី​បង្កើត​ឈ្មោះ​ថ្មី​សម្រាប់​ជំងឺ​អុតស្វា (Monkeypox)។

រឿងនេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​អ្នក​វិទ្យាសាស្រ្ត​ជាង ៣០នាក់​ បាន​សរសេរ​កាល​ពី​សប្ដាហ៍​មុន​អំពី​ «តម្រូវ​ការ​បន្ទាន់​សម្រាប់​ឈ្មោះ​មិន​រើស​អើង​ សម្រាប់​មេរោគ​ និង ជំងឺ​ដែល​វា​បង្ក​ឡើង​»។​ ពួកគេ​បាន​និយាយថា​ ​ការ​បន្ដ​សំដៅ​ទៅ​លើ​មេរោគ​នេះ​ថាជា​​ ជន​ជាតិ​អាហ្រ្វិក​គឺ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ និង រើស​អើង​។​

ករណី​ជំងឺ​អុត​ស្វា​ចំនួន​ ១,៦០០​ ត្រូវ​បាន​កត់​ត្រា​ទូទាំង​ពិភព​លោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ​។ ទោះ​បី​ជា​ ចំនួន​អ្នក​ស្លាប់​ចំនួន​ ៧២​នាក់​ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ក៏ដោយ​ ប៉ុន្ដែ​គេ​មិនរក​ឃើញ​នរណា​ម្នាក់​បាត់បង់​ជីវិត​ នៅ​ក្នុង​ប្រទេស​ចំនួន ៣២​ ដែល​រង​ផល​ប៉ះ​ពាល់​ថ្មី​ដោយ​សារជំងឺ​នេះដូច​ចក្រ​ភព​អង់គ្លេស​​នោះ​ទេ​។

អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយថា​ ខ្លួន​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​កំណត់​ថា តើត្រូវ​ចាត់​ថ្នាក់​ការ​ផ្ទុះ​ជំងឺ​នេះ ជា​គ្រា​អាសន្ន​សុខភាព​សាធារណៈ​អន្តរជាតិ​ដែរ​ ឬ ក៏អត់​។​

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា «ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា​នេះគឺ មិន​ធម្មតា​ និង ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​»។ លោក​ថា កាល​ពី​កន្លង​មក​ពិភព​លោក​ ក៏​ធ្លាប់​ជួប​ប្រទះ​ជំងឺ​ផ្សេង​ទៀត​ដូចជា​៖​ ជំងឺ​ផ្ដាសាយ​ជ្រូក​ គ្រុនស្វិត​ដៃ​ជើង​ ជំងឺ​អ៉ីបូឡា​ ហ្ស៊ីកា និង ជំងឺកូវីដ​១៩ ជាដើម​៕

ប្រភព៖ BBC

Share.