ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានឆ្មក់បង្រាបទីតាំងបើកស្បែងសុីសងជល់មាន់ និងអាប៉ោងមួយកន្លែង ឃាត់ខ្លួនមនុស្សបាន៤នាក់ រួមវត្ថុតាងមួយចំនួនធំ។ ករណីចុះបង្ក្រាបនេះធ្វើឡើងកាលវេលាម៉ោង៣ៈ២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សី កែវដោយផ្ទាល់ ចុះឆ្មក់បង្ក្រាបទីតាំងល្បែងសុីសងសង្វៀនជល់មាន់ និងអាប៉ោង ធ្វើការឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល អាប៉ោង សម្ភារៈជល់មាន់មួយចំនួន រថយន្តចំនួន០២គ្រឿង ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង និងម៉ូតូចំនួន ០៩គ្រឿង។

ក្រោយប្រតិបត្តិការបង្រ្កាបទីតាំងខាងលើ កម្លាំងខណៈបញ្ជឯកភាពខណ្ឌ បានរុះរើកំទេចចោលមិនអោយកើតឡើងវិញនៅពេលក្រោយឡើយ។ ចំណែកមនុស្ស៤នាក់ រួមនឹងវត្ថុតាង ត្រូវបានគល់អោយទៅកម្លាំងជំនាញនៃអធិការនគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.