កោះកុង ៖ បុរសវ័យចំណាស់ម្នាក់ សង្ស័យមានបញ្ហាផ្លូវចិត្ត ចេញបាត់ពីផ្ទះមានតែថង់ច្រកខោអាវ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អស់រយៈពេល៥ថ្ងៃ ក្រុមគ្រួសារដើរស្វែងរកតែមិនឃើញ ស្រាប់តែនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចរាយការណ៍ ប្រទះឃើញសពចងកសម្លាប់ខ្លួន មានសភាពហើមស្អុយ នៅក្នុងព្រៃរបោះ ខាងជើងផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ទៅវិញ។
សពជនរងគ្រោះ បន្ទាប់ពីប្រទះឃើញ ចងកស្លាប់ក្នុងព្រៃ កម្លាំងសមត្ថកិច្ចជំនាញ គ្រូពេទ្យ ចុះទៅពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវតាមរយៈលេខទូរស័ព្ទ ដែលជនរងគ្រោះសរសេរទុកក្បែរខ្លួន ទើបរកឃើញសាច់ញាតិ ស្គាល់អត្តសញ្ញាណ ។

សពមានឈ្មោះ រស់ លីម ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិច្រករវៀង ឃុំអូរឫស្សី ស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំង ។ មានប្រពន្ធឈ្មោះ ម៉ាត់ រ៉សុីអេស អាយុ៥០ឆ្នាំ ខ្មែរឥស្លាម មុខរបរលក់ដូរ មានកូន៣ស្រី៣នាក់ ក្នុងបន្ទុកគ្រួសារ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មិនចេះហូបស្រា សុខភាពវិញ ជាធម្មតា គ្មានអ្វីគួរឲ្យកត់សំគាល់ឡើយ ហើយការរស់នៅក្នុងសង្គមគ្រួសារវិញ មិនដែលបង្កបញ្ហាអ្វី មាត់តូច មាត់ធំ ដាក់ប្រពន្ធ កូនឡើយ ទើបតែមួយរយៈនេះ ចេះតែស្រងូតស្រងាត់ មិននិយាយស្តីជាមួយអ្នកផ្ទះ ទោះជាសាកសួរ ចេះតែគ្រីក្បាល រកថាឈឺ បញ្ហាអ្វីឲ្យប្រាកដ ស្រាប់តែនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលប្រពន្ធវិលមកពីលក់ដូរ កូនស្រីទាំង៣នាក់វិលចេញពីរោងចក្រ ស្រាប់តែបាត់ឪពុក (សព) ទើបនាំគ្នាឆោឡោ ដើរស្វែងរកតែមិនឃើញ ទូរស័ព្ទក៏ទាក់ទងមិនបាន គ្រាន់តែអ្នកភូមិបានឃើញប្រាប់ថា ឃើញស្ពាយថង់មួយដើរទៅបាត់ហើយ មិនដឹងថាទៅណា។
ស្រាប់តែនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ខាងស្រុកស្រែអំបិល ទូរស័ព្ទសាកសួរ និងប្រាប់ ជុំវិញប្រទះឃើញសពមនុស្សប្រុស មានទាំងកត់លេខទូរស័ព្ទទុកឲ្យទំនាក់ទំនង ទើបដឹងថា ជនរងគ្រោះបាត់ពីផ្ទះ៥ថ្ងៃ បែធ្វើដំណើរទៅចងកសម្លាប់ខ្លួននៅឯស្រុកស្រែអំបិលទៅវិញ បើតាមការសន្និដ្ឋាន មកពីបញ្ហាផ្លូវចិត្ត ។

សពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវ ស្គាល់អត្តសញ្ញាណ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំពង់ត្រឡាចតាមប្រពៃណីហើយ ៕
អត្ថបទ៖ តាតុង សែនជ័យ

