មកវិញម្ដងនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ នាំមកនូវភាពយន្តកំពូលៗចំនួន ១៤៤ ចំណងជើងមកពី២៦ប្រទេសខុសៗគ្នា ដែលមានទាំងភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល។

កម្មវិធីបើកសម្ពោធន៍​​មហោស្រព CIFF លើកទី១១ ប្រព្រឹត្តទៅនៅ សាលចតុម្មុខ នៅថ្ងៃទី២៨ មិនុថា ឆ្នាំ២០២២។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ អាចប្រព្រឹត្តទៅបាន គឺដោយសាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើការងារដោយគិតពីការមិននឿយហត់ ដើម្បីស្ដារឡើងវិញនូវសុវត្ថិភាពនិងទីកន្លែងសម្រាប់សិល្បៈ។

ខ្សែភាពយន្តដែលផលិតនៅកម្ពុជានិងនិយាយអំពីកម្ពុជា រួមមានការបញ្ចាំងជាលើកដំបូង ខ្សែភាពយន្តកម្ពុជាល្បីៗ ដូចជា រឿង «គ្រប់យ៉ាងនឹង ប្រសើរ» របស់លោក ប៉ាន់ រិទ្ធី (ជាប់ពានរង្វាន់ខ្លាឃ្មុំប្រាក់នៅមហោស្រពភាពយន្តទីក្រុងប៊ែរឡាំង ២០២២) នឹងរឿង «គ្រួសារ» (ដែលបានចាក់បញ្ចាំងនៅមហោស្រពកានផ្នែកភាពយន្តឯករាជ្យ) នឹងរឿង «ប៊ូឌីញស» របស់លោក នាង កាវិច (ជាប់ពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងវ៉ឺនីស) ហើយនិងរឿងថ្មីៗរបស់ផលិតកម្ម LD Pictures «លោកប៉ាមហាកូរ» និងរឿង ​​«នាឡិកា (remastered)» ។

ជាពិសេសទៅទៀត មហោស្រព CIFF ក៏មានគម្រោងតភ្ជាប់ទំនាក់ទំនង​ ជាមួយសមិទ្ធិករភាពយន្តខ្មែរនៅបរទសផងដែរ ហើយនៅក្នុងឆ្នាំនេះយើងមានក្ដីសោមនស្សរីករាយនាំយក កញ្ញ អាលីសុនឆន ដែលជាសិល្បការនីកម្ពុជា-អូស្ត្រាលីនិងជាសមិទ្ធិករភាពយន្តដែលនឹងមកបង្ហាញស្នាដៃរបស់នាងជាលើកទីមួយនៅកម្ពុជា ក្នុងនោះក៏មានខ្សែភាពយន្តដែលនាងបានទទួលពានរង្វាន់ផងដែរគឺរឿង «ផ្ទះកៅស៊ូ»។

សមិទ្ធិករភាពយន្តខ្មែរក៏បានចូលរួមបង្ហាញស្នាដៃរបស់ខ្លួនផងដែរនៅក្នុងកម្មវិធី ខ្សែភាពយន្តខ្លីកម្ពុជា ។ នៅឆ្នាំនេះ CIFF សូមបង្ហាញពីអ្នកដឹកនាំរឿងខ្មែរជាច្រើនរូប ដូចជាលោក លី ប៉ូឡែន, កញ្ញា សុធា អ៊ីណែស, លោក សុខ ចាន់រ៉ាដូ, លោកវ៉ាន់ គង្គា, កញ្ញា សាន ដាណិច, និង លោក លីម ហេង។មហោស្រព CIFF នឹងបង្ហាញស្នាដៃរបស់សមិទ្ធិករភាពយន្តខ្មែរវ័យក្មេងជាង៥០នាក់ដែលបានទទួលការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបុប្ផាណាផងដែរ។

ចំណែកខ្សែភាពយន្តឯកសារខ្នាតវែងឆ្នាំនេះ រួមមានការចាក់បញ្ចាំងលើកដំបូងដ៏ពិសេសរបស់ ANGKOR: THE LOST EMPIRE (Australia) នៅក្នុង IMAX 3D, រឿង «វិទ្យុសកម្ម» របស់លោក ប៉ាន់ រិទ្ធី ដែលទទួលបានពានរង្វាន់IDFAនៅវៀតណាមទៀតផង និងរឿង «កុមារនៅក្នុងអ័ព្ទ» របស់ កញ្ញា Hâ Le Diem មកពីវៀតណាម។ មហោស្រព CIFF ក៏នឹងបង្ហាញខ្សែភាពយន្តដំបូងៗរបស់លោក ជែម ជឺរ៉ាន់ គឺរឿង «ទន្លេមេគង្គក្រោម» និងរឿង «ខ្មែរ!ខ្មែរ» ដែលឆ្លុះបញ្ចាំងរូបភាពដ៏កម្រអំពីប្រទេសឡាវ និងកម្ពុជានៅដើមឆ្នាំ១៩៧០។

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងធ្វើឡើងនៅថ្ងៃ២៨មិថុនា ដល់ថ្ងៃ៣កក្កដា CIFF លើកទី១១ រៀបចំការបញ្ចាំងជាង ១៦០លើក និងកម្មវិធីជួបជុំផ្សេងៗ ដោយឥតគិតថ្លៃ នៅតាមបណ្ដារោងភាពយន្តធំៗ និងទីកន្លែងល្អៗជាច្រើនទៀតនៅក្នុងទីក្រុងភ្នំពេញ រួមមាន Legend Cinema, Major Cineplex, Prime Cineplex, វិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា សាលចតុម្មុខ, Rosewood Hotel, Java Creative Cafe និង Factory Phnom Penh៕

Share.