តារាសម្ដែងវ័យក្មេង ១៩ ឆ្នាំទើបដុះពន្លកក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ឈ្មោះ ហេង សំ បានបោះជំហ៊ានសម្ដែងក្នុងភាពយន្តមួយដែលមានចំណងជើងថា «រសាត់អណ្ដែត» ឬ Buoyancy ជាភាពយន្តផលិតដោយផលិតករជនជាតិអូស្ត្រាលី។ ភាពយន្តនេះដែរ ក៏ធ្លាប់បង្ហាញខ្លួនក្នុងមហោស្រពអន្តរជាតិធំៗជាច្រើននៅឯបរទេស និងជាពិសេស បានបញ្ចាំងឱ្យមហាជនកម្ពុជាបានទស្សនាតាមរយៈ CIFF (មហោស្រពភាពយន្តអន្តរជាតិកម្ពុជា)។

ខ្សែភាពយន្ត​ «រសាត់អណ្ដែត» ជាភាពយន្តបែប​សោទនាកម្ម ដែល​ត្រូវ​បាន​ថត​ស្ទើរ​តែ​ទាំងស្រុង​នៅ​លើ​សមុទ្រ​ក្នុង​ប្រទេស​កម្ពុជា នាខេត្តកោះកុង និងរៀបរាប់​អំពី​ក្មេងប្រុស​អាយុ ១៤ឆ្នាំ​ម្នាក់ ដែល​បាន​ចាកចេញ​ពីផ្ទះនៅស្រុក​កំណើត ដើម្បី​ស្វែងរក​ជីវិត​ដែល​ប្រសើរ​ជាង​មុន ប៉ុន្តែ​ត្រូវ​ធ្លាក់​ខ្លួន​ធ្វើ​ជា​ទាសករ​នេសាទ​តាម​ទូក​ កណ្ដាល​សមុទ្រ​ទៅវិញ។ ភាយន្តនេះបានការគាំទ្រ​ក្នុង​ការ​ផលិត​ដោយមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការ​ថតភាពយន្ត​នៅ​កម្ពុជា (CFC)។

ខ្សែភាពយន្តនេះ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​របស់​ប្រទេស​អូស្រ្ដាលី សម្រាប់​ខ្សែភាពយន្ត​ខ្នាង​វែង​អន្តរជាតិ​ល្អបំផុត នៅ​ឯ​ពាន​រង្វាន់ Oscars Academy Awards លើក​ទី៩២ផងដែរ។ មុន​ចាក់បញ្ចាំងនៅកម្ពុជា រឿងនេះ​ត្រូវ​បាន​ចាក់បញ្ចាំង​លើក​ដំបូង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​មែលប៊ន ប្រទេស​អូស្រ្ដាលី។

តួប្រុស ហេង សំ​ បានលើកឡើងថា ខ្លួនមិនដែលបានប្រឡូកសិល្បៈនៃការសម្ដែងភាពយន្តឡើយ បើទោះបីជាខ្លួនមានដុងសិល្បៈក្នុងខ្លួនតាំងពីកំណើតមកម្លេះ។ សំ បានដុះខាត់ការសម្ដែងភាពយន្តជាលើកដំបូងតាមរយៈការណែនាំរបស់អ្នកដឹកនាំ អ្វីដែល សំ ជំនាញក្នុងការសម្ដែងជាគេនោះ គឺការសម្ដែងបែបក្បាច់គុន និងវ៉ៃតប់ ជាដើម។ ហេង សំ បានលើកឡើងទៀតថា ខ្លួនពិតជាមានសំណាងខ្លាំងណាស់ នៅក្នុងចំណោមអ្នក Casting ការសម្ដែង ១០០ នាក់ ខ្លួនជាមនុស្សចុងក្រោយដែលអ្នកដឹកនាំបានសម្រេចជ្រើសយកឱ្យសម្ដែង។

ខ្សែភាពយន្តភាពយន្ត «រសាត់អណ្ដែត» ត្រូវ​បាន​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​លោក Rodd Rathjen ជនជាតិ​អូស្រ្ដាលី និង​ផលិត​ដោយ​ក្រុមហ៊ុន Causeway Film សហការជាមួយ CFC និងផលិតកម្ម Anupheap Production។

Share.