ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានភាគីខាងរងគ្រោះ នាំគ្នាចាប់ឃាត់ខ្លួននាំយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីប្រើល្បិចបញ្ចុះបញ្ចូល បញ្ឆោត សន្យា ធានារត់ការយកមនុស្សចេញពីពន្ធនាគារ និងធានារកការងារឲ្យធ្វើ តែផ្ទុយទៅវិញ អស់ទាំងលុយ ទាំងម៉ូតូ សរុបជាង១មុឺនដុល្លារ មិនបានលទ្ធផល ដឹងថាចាញ់បោកហើយ ប្រើល្បិចបញ្ឆោតឲ្យចេញមុខ ហើយចាប់ឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឆេង ពិទូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានទីលំនៅ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ចំណែកជនរងគ្រោះ២នាក់ ៖ ទី១ ឈ្មោះ ឡុង វ៉ារ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកឥវ៉ាន់អនឡាញ ស្នាក់នៅក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ អស់លុយ៤៨០០ដុល្លា និងម៉ូតូZOOMER ចំនួន១គ្រឿង ។ ទី២ ឈ្មោះ ទួន សាវឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អស់លុយចំនួន៤៥០០ដុល្លា និងម៉ូតូហុងដាឌ្រីម សេរី២០២០ ចំនួន១គ្រឿង ។

តាមសម្តីភាគីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានស្គាល់ជនសង្ស័យ ហើយជនសង្ស័យនិយាយរឿងស្គាល់អ្នកតូច អ្នកធំ ថ្នាក់លើ អាចដោះស្រាយរាល់បញ្ហាបាន ស្តាប់ទៅចូលសាច់រឿងខ្លួនឯង ស្ត្រីរងគ្រោះ ចាប់អារម្មណ៍ ទាក់មាត់ រឿងប្តីជាប់ឃុំនៅពន្ធនាគារ២ឆ្នាំ ជនសង្ស័យប្រាប់ថាអស់តែ១មុឺនដុល្លា យកចេញបានងាយ បញ្ចុះបញ្ចូល ខំទុកចិត្ត ក៏បានឲ្យលុយចំនួន៤ពាន់ដុល្លារសិន លុះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យបញ្ចុះបញ្ចូល រឿងធានារកការងារល្អៗឲ្យធ្វើទៀត ជនសង្ស័យយកលុយ៥០០ដុល្លា ខណៈដែលរឿងដោះមនុស្សចេញពីពន្ធនាគារមិនទាន់បានសម្រេចផង ថែមទាំងខ្ចីម៉ូតូហុងដាឌ្រីមមួយគ្រឿង យកទៅជិះបែជាយកទៅបញ្ចាំបាត់ ។

ដោយឡែកបុរសជនរងគ្រោះម្នាក់ទៀត ត្រូវជាសាច់ញាតិរបស់ស្ត្រីរងគ្រោះខាងលើដែរនោះ ត្រូវបានជនសង្ស័យប្រើល្បិច បញ្ចុះបញ្ចូល ធានារកការងារឲ្យបងប្អូនធ្វើ ត្រូវបានជនសង្ស័យបោកយកលុយអស់សរុបចំនួន៤៨០០ដុល្លា និងម៉ូតូZOOMER មួយគ្រឿង ក្នុងរូបភាពបោកដូចគ្នា តែវិធីសាស្ត្រ ប្រាប់ជនរងគ្រោះទាំង២នាក់ កុំឲ្យនិយាយឲ្យបែករឿង ពីម្នាក់ទៅម្នាក់ ។

ដោយការទន្ទឹងរងចាំ ដោះមនុស្សចេញពីក្រៅឃុំ និងធ្វើការងារ ពីមួយថ្ងៃទៅមួយថ្ងៃ ចាំបាត់ៗ ហៅជនសង្ស័យសាកសួរ តែជនសង្ស័យព្យាយាមគេចវេស ដឹងសភាពមិនស្រួល ចាញ់បោកគេហើយ ទើបនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លេងល្បិចវិញ ប្រាប់ឲ្យមកយកលុយថែមទៀត លុះជនសង្ស័យទៅដល់ នាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បើតាមជនសង្ស័យវិញបានឲ្យដឹងថា លុយបានមកចាយអស់ហើយ ចំណែកម៉ូតូ២គ្រឿងនោះ ខ្លួនក៏បានចាញ់បោកគេទៀត។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកសាងសំណុំនៅប៉ុស្តិ៍ចោមចៅទី៣ រួចបញ្ជូនទៅផ្នែកជំនាញខណ្ឌ បន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.