កាល​ពី​ថ្ងៃ​ អង្គារ ម្សិល​ម៉ិញ​ រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ លោក Anthony Blinken បាន​និយាយ​ថា ចិន​គួរ​តែ​សំឡឹង​មើល​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​របស់​អន្តរ​ជាតិ​ ពេល​ដែល​ខ្លួន​ចង់​ពិចារណា​ធ្វើ​សកម្ម​ភាព​ណា​មួយ​ ពាក់​ព័ន្ធ​នឹង​តៃវ៉ាន់​នា​ពេល​អនាគត​។

លោក Blinken បាន​​ផ្ដល់​កិច្ច​សម្ភាស៍​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​អាមេរិក​ថា «​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ អ្វី​ដែល​យើង​បាន​មើល​ឃើញ​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​​ចិន​ធ្វើ​ទង្វើ​គាប​សង្កត់​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ រួម​ទាំង​​បង្ក​ហេតុ​កាន់​តែ​ច្រើន​នៅ​ក្រៅ​ប្រទេស​ រួម​មាន​ទាំង​សកម្ម​ភាព​ទាក់​ទង​នឹង​តៃវ៉ាន់ ​ដែល​​មាន​លក្ខណៈ​គ្រោះ​ថ្នាក់​ និង​ បង្ក​អស្ថិរភាព»។

លោក​បន្ដ​ថា «​បើ​តាម​ការ​យល់​​ឃើញ​របស់​ខ្ញុំ​ ចិន​ចាំ​បាច់​ត្រូវ​រាប់​បញ្ចូល​ក្នុង​ការ​គណនា​របស់​ខ្លួន​នូវ​ការ​ឆ្លើយ​តប​ដែល​ពួក​យើង​បាន​ឃើញ​រួច​មក​ហើយ​ ចំពោះ​សកម្មភាព​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ ហើយ​ប្រទេស​ជាច្រើន​បាន​រួម​សាមគ្គី​គ្នា​ប្រឆាំង​ត​ទល់​នឹង​ទង្វើ​បែប​នេះ​ ទាំង​តាមរយៈ​ការ​ធានា​ថា អ៊ុយក្រែន​ទទួល​បាន​ការ​គាំទ្រ​ដែល​ខ្លួន​ត្រូវ​ការ និង​ ការ​ធ្វើ​ឲ្យ​រុស្ស៊ី​ត្រូវ​បង់​ថ្លៃ​សម្រាប់​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​»។

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ ក៏​មាន​ការ​លើក​ឡើង​ផង​ដែរ​ថា​ ចិន​អាច​នឹង​ឆ្លៀត​ឱកាស​ធ្វើ​សកម្ម​ភាព​ស្រដៀង​គ្នា​ទៅ​លើ​កោះ​តៃវ៉ាន់​។ យ៉ាង​ណា​ម៉ិញ​ ទីក្រុង​ប៉េកាំង​បាន​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា បញ្ហា​តៃវ៉ាន់​គឺ​មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​បញ្ហា​អ៊ុយក្រែន​​ ទោះ​បី​​តៃវ៉ាន់​ជា​ផ្នែក​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​ទឹកដី​ប្រទេស​ចិន​ក៏ដោយ។ ប៉ុន្ដែ​ចិន​បាន​ព្រមាន​ថា​ នេះ​ជាបញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​សុទ្ធ​សាធ​ ហើយចិន​​មិន​អាច​ឲ្យ​បរទេស​ចូល​ជ្រៀត​ជ្រែក​នោះ​ទេ៕

Share.