ព្រះសីហនុ ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបាន បន្ទាប់ពីកើតជម្លោះជាមួយប្រពន្ធ ឈានដល់ប្រើកាំបិតចាក់សម្លាប់ រួចលើកទម្លាក់ពីលើអគារខ្ពស់ចុះមកដី កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅក្បែរសណ្ឋាគារសមុទ្រខៀវ ក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ Hao Hong Wei ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ Ran Wei Xia អាយុ៣០ឆ្នាំ មុខរបរ ធ្វើការក្នុងក្លឹប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ប្រទះឃើញសពស្ត្រីជនជាតិចិនម្នាក់ស្លាប់ នៅចំណុចខាងលើ សមត្ថកិច្ច ធ្វើការពិនិត្យ កោសល្យវិច័យឃើញថាមានស្នាមរបួស ដាក់ការសង្ស័យជាអំពើឃាតកម្ម ទើបកម្លាំងជំនាញ ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីស្ថាបន័អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ ទីបំផុតកម្លាំងអាវុធហត្ថ ឈានដល់ឃាត់ខ្លួន បុរសជាប្តី ជាជនជាតិចិនដូចគ្នា នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នាំទៅសាកសួរ ទើបធ្លាយរឿង ផ្តើមចេញពីជម្លោះគ្នា រហូតដល់ប្តីយកកាំបិតចាក់សម្លាប់ប្រពន្ធ រួចលើកទម្លាក់ពីលើអគារ ចុះមកដី ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនីទីបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Share.