ប្រធានាធិបតីចិន លោក Xi Jinping នាថ្ងៃ ពុធ ទី ១៥ ខែ មិថុនា បានធានាចំពោះការគាំទ្ររបស់ចិនលើ «អធិបតេយ្យភាព និង សន្ដិសុខ» របស់រុស្ស៊ី ដែលនាំឲ្យទីក្រុងវ៉ាស៊ីនតោនព្រមានទីក្រុងប៉េកាំងថា ចិនកំពុងតែឈរនៅលើផ្លូវខុសនៃប្រវត្តិសាស្រ្ត។
ប្រទេសចិនបានបដិសេធមិនថ្កោលទោសចំពោះការវាយលុកផ្នែកយោធាដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយចិនត្រូវបានចោទប្រកាន់ថាបានផ្ដល់ការបិទបាំងផ្នែកការទូតសម្រាប់រុស្ស៊ី ដោយការបំផ្ទុះទណ្ឌកម្មរបស់លោកខាងលិច និង ការលក់គ្រឿងសព្វាវុធដល់ទីក្រុងគៀវ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក Xi Jinping បានហៅទូរស័ព្ទជាមួយលោក Vladimir Putin ដោយនិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការបន្ដផ្ដល់ការគាំទ្រទៅវិញទៅមក ដល់រុស្ស៊ី លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និង កង្វល់សំខាន់ៗដូចជា អធិបតេយ្យភាព និង សន្តិសុខ។
វាជាការហៅទូរស័ព្ទជាលើកទី២ហើយ រវាងមេដឹកនាំនៃប្រទេសទាំង២ ចាប់តាំងពីលោក ពូទីន បានចាប់ផ្ដើមការលុកលុយលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែ កុម្ភៈ។
យោងតាមទូរទស្សន៍ CCTV លោក Xi បានសរសើរ «សន្ទុះដ៏ល្អនៃការអភិវឌ្ឍន៍» នៅក្នុងទំនាក់ទំនងទ្វេភាគីចាប់តាំងពីដើមឆ្នាំនេះ «ក្នុងការប្រឈមមុខនឹងភាពចលាចល និង ការផ្លាស់ប្ដូរពិភពលោក»។

យ៉ាងណាម៉ិញ វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំង២ បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រឈមមុខនឹងទណ្ឌកម្មលោកខាងលិច «ខុសច្បាប់»។ វិមានក្រឹមឡាំងបន្ដថា «វាត្រូវបានយល់ព្រមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម ការដឹកជញ្ជូន និង ផ្នែកផ្សេងទៀត ដោយគិតគូរពីស្ថានភាពនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកាន់តែស្មុគស្មាញ ដោយសារគោលនយោបាយទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច»។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា «ប្រទេសចិនអះអាងថាមានភាពអព្យាក្រឹត ប៉ុន្ដែអាកប្បកិរិយារបស់ខ្លួនបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែវិនិយោគក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី»។
ទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានសកម្មភាពរបស់ចិនយ៉ាងដិតដល់ រួមទាំងសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែនរយៈពេល ៤ខែនេះ ដែលអាមេរិកនៅតែបន្តឃោសនាជុំវិញពិភពលោក និង បានលើកឡើងថា អំពើឃោឃៅរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនគឺជាការរៀបចំ៕

