បន្ទាយមានជ័យ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានការធ្លាក់ចុះ១ថ្ងៃជិត១០០នាក់ បើធៀបទៅនឹងរយៈពេលកន្លងទៅ។
នេះបើតាមសេចក្តីរាយការណ៍របស់ក្រុមការងារ ដែលចាំទទួលពលករខ្មែរនៅច្រកអូរបីជាន់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលលោកជំទាវ ជូរ គឹមអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រួមជាមួយអង្គការ UNFPR និងអង្គការ IOMបានចុះពិនិត្យមើលតាមមណ្ឌលទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា នៅច្រកអូរបីជាន់ក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ ឆ្នាំ២០២២ កន្លងទៅ ពលករខ្មែរដែលចូលតាមច្រកអូរបីជាន់ ក្រុមការងារទទួល១ថ្ងៃមិនតិចជាង៣០០នាក់នោះទេ ហើយរយៈពេលប៉ុន្មានថ្ងៃនេះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃបានធ្លាក់១ថ្ងៃជិត១០០នាក់ឯនោះ។
លោកបានបញ្ជាក់ទៀតថា ជាក់ស្តែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារបានទទួលពលរដ្ឋខ្មែរបានចំនួនត្រឹមតែ៦០នាក់ ប៉ុណ្ណោះ ក្នុងនោះមានស្រ្តី៣០នាក់ កុមារ៩នាក់ ស្រី៣នាក់ ហើយទាំង៦០នាក់នោះគឺមានឯកសារចាក់វ៉ាក់សាំងគ្រប់គា្ន។

ក្នុងឱកាសនោះលោក ជំទាវ ជូរ គឹមអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីការពារពលករចំណាក់ស្រុកដោយខុសច្បាប់ដោយមានសុវត្ថិភាព កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវតែបង្កើនការយកចិត្តទុក ដាក់ទប់ស្កាត់ហើយណែនាំអប់រំ និងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់អោយបានចាត់ការតាមច្បាប់។
លោក ជំទាវ ក៏បានកោតសសើរចំពោះក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃនៅច្រកអូរបីជាន់ស្រុកអូរជ្រៅ ដែលខំធ្វើការងារទាំងយប់ និងថ្ងៃ ទទួលពលករដើម្បីពិនិត្យសុខភាព និងស្រាវជ្រាវព័ត៌មាន ណែនាំហើយអប់រំពលករ កុំឲ្យចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់បន្តទៀត៕
អត្ថបទ ៖ ប៉ោយប៉ែត

