ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជាងជួសជុលរថយន្ត លុយចាយមិនគ្រប់ បែកគំនិតដើរលួចទ្រព្យសម្បត្តិប៉ះចំផ្ទះជាងជួសជុលនាឡិកា ផ្អើលពលរដ្ឋព័ទ្ធខ្ទប់ទ្វារចាក់សោពីក្រៅ ប្តឹងសមត្ថកិច្ច ទៅជួយចូលចាប់ខ្លួនបាន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុម២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អេង ឡង់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាជាងជួសជុលរថយន្ត នៅម្តុំផ្សារសុិនជូរី ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្នោត ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ រីឯម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ភាវ ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាជាងនាឡិកា រស់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា ខណៈដែលម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ជាប់រវល់ចេញទៅក្រៅមួយភ្លែត គ្រាន់តែថ្ពក់មេសោនឹងទ្វារ ស្រាប់តែជនសង្ស័យដើរថ្មើរជើងឆ្លងកាត់ ឃើញស្ងាត់ ជាឱកាស ចូលទៅក្នុងផ្ទះលួចយកបាន លេបថបមួយគ្រឿង ទូរស័ព្ទដៃ សាំសុង មួយគ្រឿង ដាក់ក្នុងកាបូប បម្រុងគេចខ្លួនចេញ ស្រាប់តែអ្នកក្បែរខាងឃើញទាន់ ស្រែកឆោឡោ ជនសង្ស័យរត់ចូលទៅក្នុងផ្ទះវិញ ទើបពលរដ្ឋយកសោចាក់ទ្វារជាប់ពីក្រៅ ទូរស័ព្ទប្រាប់ម្ចាស់ផ្ទះមកដល់ រាយការណ៍ទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ បើកទ្វារសម្រុកចូលចាប់ខ្លួនបានភ្លាមៗ ។

ជនសង្ស័យបានសារភាពថា ធ្វើជាជាងជួសជុលឡាន លុយចាយមិនគ្រប់ ឃើញផ្ទះគ្រាន់តែថ្ពក់សោ មិនឃើញម្ចាស់ក៏ចូលប៉ុនប៉ងយកទ្រព្យសម្បត្តិ យកបានលេបថប ១គ្រឿង ទូរស័ព្ទដៃសាំយ៉ុង ១គ្រឿង ត្រូវបានពលរដ្ឋទាន់ ខ្ទប់បិទទ្វារជាប់ ។

បន្ទាប់ពីចាប់ឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុង​ សែនជ័យ

Share.