ពិធីថ្វាយគោរម្យ៍ងារនាមាភិធេយ្យ«អភិធជអគ្គមហាសទ្ធម្មជោតិកៈ»ថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជនៃកម្ពុជា បានប្រារព្ធឡើងនៅសាលសន្និសីទចតុមុខនារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។

គោរម្យ៍ងារនេះ បានថ្វាយដោយក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលក្នុងឱកាសនោះមានឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពមីយ៉ាន់ម៉ា បានចូលរួមជាតំណាងដើម្បីប្រកាសថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា គោរម្យ៍ងារនេះជាគោរម្យ៍ងារខ្ពស់បំផុតផ្នែកខាងផ្សព្វផ្សាយ លើកតម្កើង និងឧបត្ថម្ភព្រះពុទ្ធសាសនាប្រកបដោយវឌ្ឍនភាព និងចីរភាព និងបានសម្ដែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋនៃសាធាណរដ្ឋសហភាពមីយ៉ាន់ម៉ា។

បើតាមសម្ដេចក្រឡាហោម សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បានបំពេញព្រះរាជបេសកកម្មខាងសាសនាយ៉ាងសកម្មនៅលើឆាកអន្តរជាតិ រួមចំណែកនាំមកនូវសុខសន្តិភាព បូជាពលិកម្មគ្រប់បែបយ៉ាងក្នុងមួយព្រះជន្មចំពោះជាតិមាតុភូមិ និងព្រះពុទ្ធសាសនា។

សម្ដេចក៏បានគូសបញ្ជាក់អំពីបុព្វហេតុនៃការកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងបន្តថា«ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិ ទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំសីលធម៌ ចរិយាធម៌ក្នុងសង្គមខ្មែររហូតបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់អរិយធម៌វប្បធម៌ជាតិទាំងមូល»។

សម្ដេចបន្តថា«ពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យចេះរស់នៅក្នុងសន្តិភាពជាមួយគ្នាទៅវិញទៅមក ឲ្យចេះគោរពជំនឿទាំងឡាយរបស់អ្នកដទៃ ឲ្យចេះគោរពស្រឡាញ់ និងផ្តល់កិត្តិយសដល់ឪពុកម្ដាយ ចាស់ទុំរៀមច្បងជាដើម»។

សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តឧទ្ទេសបណ្ឌិត អភិធជអគ្គមហាសទ្ធម្មជោតិកៈ ទេព វង្ស ​​ប្រសូត្រនៅព​.​ស​.២៤៧៦ ត្រូវនឹង​គ​.​ស​.១៩៣២ នៅ​ភូមិ​ត្រពាំង​ឈូក ស្ថិតក្នុង​ឃុំ​ជ្រាវ ស្រុក​សៀមរាប ខេត្តសៀមរាប​។ មកដល់ឆ្នាំ២០២២នេះ សម្ដេចមានព្រះជន្ម៩០ព្រះវស្សាហើយ៕

Share.