ភ្នំពេញ បុរសម្នាក់សង្ស័យថា ងងុយដេកបានបើករថយន្តរេចង្កូតជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យព្រូម្នាក់រងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង ៥០នាទីព្រឹកថ្ងៃទី ១៦ខែមិថុនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រក្នុងភូមិអន្លង់គង សង្កាត់ព្រៃសខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉េពណ៌សបើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុសង្ស័យថាងងុយដេកបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកជាមួយនឹងរថយន្តកុងតីន័រដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណាំនឹងធ្វើឲ្យព្រូម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តរបស់ក្លីចិនឯកជនដឹកទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាពេលនោះខាងរថយន្តកុងតឺន័រមិនបានទាមទារសំណងទៅលើរថយន្តបង្កនោះទេសម្រេចចិត្តឲ្យរថយន្តបង្កហៅរថយន្តផ្សេងទៀតមកសណ្ដោងយករថយន្តទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
