ភ្នំពេញ ៖ ជិះម៉ូតូឌុបគ្នាចេញពីក្លឹប ឆ្លងផ្លូវ ទាក់ដៃចង្កូតជាមួយមិត្តភ័ក្រដួល ត្រូវបានរថយន្តហុីណូទ្រុងបើក បុកកិនស្លាប់២នាក់ ប្រុស១នាក់ ស្រី១នាក់ នៅនឹងកន្លែង​ ហើយរថយន្តបើករត់គេច ទៅដល់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបដេញឃាត់បាន។

ករណីនេះកើតឡើង នៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវសហព័ន្ធរុស្សុី ចំណ៧ចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយជនរងគ្រោះប្រុសស្រីទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ។

បើតាមប្រភពពីក្រុមយុវជន យុវនារី ត្រូវជាមិត្តភ័ក្ររួមដំណើរដើរលេងក្នុងក្លឹប បានឲ្យដឹងថា ពួកគេបានត្រឹមតែស្គាល់គ្នាគ្រាដែលដើរលេង ចូលក្លឹបទេ មិនបានស្គាល់អត្តសញ្ញាណជនរងគ្រោះឡើយ ហើយមុនកើតហេតុ ពួកគេមួយក្រុមមានគ្នាជាង១០នាក់ មានប្រុស មានស្រី ទើបចេញពីក្លឹប ផឹកសុី សប្បាយ លុះចេញមកវិញ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-6766 ពីកើតទៅលិច ដល់ចំណុចកើតហេតុ បានឆ្លងផ្លូវពីជើងទៅត្បូង គោលបំណងឆ្លងទៅកន្លែងលក់ដូរតាមរបងព្រលានយន្តហោះរកអ្វីហូប ខណៈដែលឆ្លងផ្លូវនោះក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភ័ក្រផ្សេងទៀតដួល ស្រមពេលមានរថយន្ត ម៉ាកហុីណូទ្រុង ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7817 បើកលឿនពីលិចទៅកើត ជ្រុលបុកកិន បណ្តាលឲ្យស្លាប់ទាំង២នាក់ ហើយម៉ូតូខ្ទេចមួយកំណាត់ទាំងស្រុង។

ក្រោយកើតហេតុ រថយន្តបានបន្តដំណើរបើករត់គេច តែត្រូវបានមិត្តភ័ក្ររួមក្លឹប ដេញតាមរហូតដល់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបតាមទាន់ឃាត់ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទាំងរថយន្ត និងអ្នកបើកបរផងដៃរ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានដឹកយកទៅតំកល់ទុកជាបណ្តោះអាសន្ននៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ក អ្នកបើកបររ និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនការិយាល័យចរាចរជើងគោក នៃស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖​ តាតុ សែនជ័យ

Share.