នា​ថ្ងៃ​ ព្រហស្បត្តិ៍ ទី ១៧ ខែ មិថុនា ឆ្នាំ​ ២០២២​ (​ម៉ោង​ក្នុង​ស្រុក​) រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​អាមេរិក​ លោក Tom Vilsack បាន​អំពាវ​នាវ​ឲ្យ​រុស្ស៊ី​បើក​ច្រក​កំពង់​ផែ​របស់​អ៊ុយក្រែន​ឲ្យបាន​ឆាប់​រហ័ស​ ដើម្បី​​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ដែល​ស្ដុក​ទុក​រាប់​លាន​តោន​ក្នុង​ប្រទេស​អ៊ុយក្រែន​។

លោក Vilsack បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​អង្គ​ការ​សហប្រជាជាតិ​ថា «​ពួក​គេ​គួរ​តែ​ធ្វើ​សកម្ម​ភាព​ភ្លាមៗ​ ដើម្បី​បើក​ច្រក​ទាំង​នោះ​ ហើយ​ពួក​គេ​គួរ​តែ​បញ្ចប់​សង្រ្គាម​នេះ​»​។ លោក​បន្ដ​ថា «​នេះ​ជា​រឿង​ធ្ងន់​ធ្ង​រ​ យើង​មិន​គួរ​ប្រើ​អាហារ​ជា​អាវុធ​នោះ​ទេ​»។

អង្គការ​សហប្រជាជាតិ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ី​ជម្រៅ​រវាង​ទីក្រុង​ ម៉ូស្គូ , ទីក្រុង កៀវ និង អង់ការ៉ា អស់​រយៈ​ពេលជា​ច្រើន​សប្ដាហ៍​អំពី​របៀប​បើក​ច្រក​សមុទ្រ​ខ្មៅ​ ដែល​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​បាន​បិទ​ផ្លូវ​ជុំ​វិញ​អ៊ុយក្រែន​ រួម​ទាំង​រារាំង​នាវា​ដឹក​ទំនិញ​ពាណិជ្ជកម្ម​ដែល​ដឹក​ស្បៀង​អាហារ​ដូចជា​ គ្រាប់ធញ្ញជាតិ​ ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​។​

ទាក់​ទិន​នឹង​​ការ​ស្នើ​ឲ្យ​មាន​ការ​បើក​ច្រក​កំពង់​ផែ​ ដោយ​សារ​​តែ​តម្លៃ​គ្រាប់​ធញ្ញជាតិ​កើន​ឡើង​ជា​អន្តរជាតិ​ ហើយ​​បណ្ដាល​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើនជួប​ប្រទះនូវ​កង្វះ​ខាត​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​ ទីក្រុង​ម៉ូស្គូ​បាន​ទាម​ទារ​ឲ្យ​ដក​ទណ្ឌកម្ម​ទាំង​អស់ ​ដែល​លោក​ខាង​លិច​បាន​ដាក់​លើខ្លួន​ជុំ​វិញ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​បើក​ច្រក​ដូច​មុន​វិញ។​

លោក​ Vilsack បាន​ឲ្យ​ដឹង​ថា​ ទណ្ឌកម្មរបស់អាមេរិក​ និង អឺរ៉ុប មិន​បាន​អនុវត្ត​ចំពោះ​គ្រាប់​ធញ្ញជាតិ​ និង ជី​នោះទេ ដូច្នេះ​​រុស្ស៊ី ​មិន​គួរ​យក​បញ្ហា​ស្បៀង​អាហារ​មក​បូក​បញ្ជូល​នោះ​ទេ​។​ លោក​ជំរុញ​ឲ្យ​ទីក្រុង​ ម៉ូស្គូ​ ប្រាកដ​ថា ពួក​គេ​កំពុង​ចរចា​ដោយ​ស្មោះ​ត្រង់​អំពើ​ការ​បើក​ច្រក​កំពង់​ផែ​ឡើង​វិញ​ ហើយ​ពួកគេ​គួរ​តែ​ធ្វើ​វា​ឲ្យបាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​ ព្រោះ​នេះ​ជា​តម្រូវ​ការ​​បន្ទាន់​៕

ប្រភព៖ CNA

Share.