ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន ឈានដល់ឃាត់ខ្លួនយុវជនម្នាក់ តាមការចង្អុលពីជនសង្ស័យម្នាក់ទៀតដែលឃាត់ខ្លួនបានហើយ តែបែជាពលរដ្ឋលើកគ្នាមួយភូមិរារាំងកម្លាំងសមត្ថកិច្ច រហូតដល់ប្រតាយប្រតប់ វាយរថយន្ត វាយម៉ូតូកង់បីរបស់សមត្ថកិច្ចខូចខាតមួយគ្រឿង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសហគមន៍អណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យុវជនដែលសមត្ថកិច្ចចុះទៅឃាត់ខ្លួននោះ មានឈ្មោះ ធី សុធា អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅក្នុងភូមិកើតហេតុ ។
ក្នុងហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនយុវជនខាងលើ ជាបក្ខពួករបស់ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ ហើយជនសង្ស័យក៏ចង្អុលបង្ហាញផងដែរថា យុវជននេះគឺជាបក្ខពួករបស់គេដែរ ទើបសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន និងនាំយកទៅសួរនាំបន្ត ដាក់ចូលក្នុងរថយន្តទៅហើយ ស្រាប់តែបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ចេញមកធ្វើការរារាំងឡោមព័ទ្ធកម្លាំងសមត្ថកិច្ចមិនឱ្យនាំខ្លួនយុវជនខាងលើនេះយកទៅសួរនាំទៅវិញ ដោយអះអាងថា យុវជនរូបនេះ មិនចេះជក់គ្រឿងញៀនផង សមត្ថកិច្ចចេះតែដើរចាប់តាមការចង្អុលរបស់គេ ។

ក៏បានកើតជាភាពចម្រូងចម្រាស់គ្នារវាងកម្លាំងសមត្ថកិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ រហូតដល់កម្លាំងសមត្ថកិច្ច ទាំងខណ្ឌសែនសុខ ទាំងខណ្ឌព្រែកព្នៅ អាជ្ញាធរ២ខណ្ឌចុះទៅសម្របសម្រួល។ ទីបំផុតសមត្ថកិច្ចអនុញ្ញាតិឲ្យសាច់ញាតិ ក្រុមគ្រួសារ របស់យុវជនខាងលើ ឡើងរថយន្តទៅជាមួយ ដើម្បីនាំទៅបន្តសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន៕
អត្ថបទ៖ តាតុង សែនជ័យ

