កំពង់ស្ពឺ ៖ ជនសង្ស័យប្រុស/ស្រី ពីរនាក់ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋចាប់ឃាត់ខ្លួន បន្ទាប់ពីនាំគ្នាទៅធ្វើសកម្មភាពលូកហោប៉ៅលួចយកទូរស័ព្ទដៃពីកម្មការនីរោងចក្រម្នាក់ កំពុងដើរចេញពីរោងចក្រ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅមុខរោងចក្រកាត់ដេរមួយកន្លែង ក្នុងភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ចន ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទី២ ឈ្មោះ ទ្រិញ ដេវីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះប៊ិន ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយឡែកទូរស័ព្ទដែលជនសង្ស័យលួចយកនោះ ម៉ាកOPPO ពណ៌ទឹកសមុទ្រ ត្រូវបានដកហូតមកវិញហើយ រួមជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JE-8514 ជាមធ្យោបាយរបស់ជនសង្ស័យ ផ្លែឡាម សម្រាប់វះហោប៉ៅ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលនារីរងគ្រោះដើរចេញពីរោងចក្រ ស្រាប់តែស្ត្រីជាជនសង្ស័យប្រើល្បិចបន្លំខ្លួនប្រជ្រៀតដើរចេញជាមួយក្រុមកម្មកររោងចក្រដែរ ឆ្លៀតឱកាសលូកហោប៉ៅអាវលួចយកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេចហើយ ក៏ប៉ុន្តែភ្លាមៗជនរងគ្រោះដឹងខ្លួនទាន់ស្រែក ទើបជនសង្ស័យទំលាក់ទូរស័ព្ទចោល រត់គេចឡើងជិះម៉ូតូ បក្ខពួកឈ្មោះ ទ្រិញ ដេវីត ត្រូវបានក្រុមកម្មករព័ទ្ធចាប់ កងសន្តិសុខរោងចក្រជួយអន្តរាគមន៍ ឃាត់ខ្លួនបាន២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ រីឯទូរស័ព្ទសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ៕

អត្ថបទ៖​តាតុង សែនជ័យ

Share.