បាត់ដំបង÷ សមត្ថកិច្ចកំណត់មុខសញ្ញារក្សាទុកសារធាតុញៀនឃាត់ខ្លួនបាន ៣នាក់ជាមួយកាំភ្លើងច្នៃ ១ដើម គ្រាប់ជាច្រើនគ្រាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក។

នគរបាលបានបញ្ជាក់ឲ្យដឹងថា កម្លាំងផ្នែកជំនាញ ផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំព្រឹក រួមជាមួយកម្លាំងផ្នែកនគរ បាលយុត្តិធម៌ អនុវត្តបទល្មើសជាក់ស្តែង បានបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ ករណី ក្នុងនោះក្របួចជាប់នូវមុខសញ្ញាជនសង្ស័យចំនួន ៣នាក់ និងវត្តុតាងជាច្រើនទៀត។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យទាំង០៣នាក់ទី១ឈ្មោះ សួន ពុត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ទី២ឈ្មោះ ផល ភារម្យ ភេទប្រុសអា យុ ២៧ឆ្នាំ រស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក និងទី៣ឈ្មោះ លេង ចន្នី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិភ្នំអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ចំពោះវត្ថុតាដែលកម្លាំងនគរបាលរឹបអូសបានរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន ១៧ កញ្ចប់ សង្ស័យសារធាតុញៀន , ជញ្ជីងថ្លឹងគ្រឿងញៀនមួយ, គ្រាប់កាំភ្លើងចំនួន៦៩គ្រាប់ ក្នុងនោះមាន គ្រាប់កាំភ្លើងប្រភេទវ៉ាន់ឡុង៦៣គ្រាប់, គ្រាប់M១៦ ចំនួន០៤គ្រាប់, គ្រាប់K៥៤ មួយគ្រាប់, គ្រាប់AK មួយគ្រាប់, កាំភ្លើង កែឆ្នៃមួយដើម, ទូរស័ព្ទដៃចំនួន០៣គ្រឿង និងម៉ូតូចំនួន០៣គ្រឿងផងដែរ។

ចំពោះមុខសមត្ថកិច្ចនគបាលស្រុក បានកសាងសំណុំរឿងត្រៀមនឹងបញ្ជូនបន្តទៅការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.