ភ្នំពេញ ៖ ផ្ទះលក់ទូរស័ព្ទមួយកន្លែង ខណៈដែលម្ចាស់មិននៅ ជាប់រវល់តែនៅផ្ទះបាយ ត្រូវបាននារីសង្ស័យចូលទៅប្រមូលលួចយកទូរស័ព្ទចំនួន០៨គ្រឿងដាក់ក្នុងថង់បម្រុងគេចចេញ បានអ្នកជិតខាងឃើញទាន់ ស្រែកផ្អើលចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលក់ទូរស័ព្ទយុីហោ គីម ទាង តាមផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហួន រ៉ាម ភេទស្រី វ័យ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ « ក» ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ ងី គឹមលន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។ ទូរស័ព្ទដែលជនសង្ស័យលួចបាន ចំនួន៨គ្រឿង ម៉ាកOPPO និង ម៉ាកI phone សរុបចំនួន០៨គ្រឿង ប្រភេទសេរីចាស់ៗ តម្លៃក្នុង១គ្រឿងពី៣០ដុល្លារទៅ៤០ដុល្លារ។

បើតាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគាត់ជាប់រវល់នៅខាងក្នុងផ្ទះ ខ្ចប់បាយម្ហូប ដើម្បីផ្ញើឲ្យកូនៗនៅសាលារៀន ដោយទុកកូនស្រីអាយុ៧ឆ្នាំ នៅចាំខាងមុខ ស្រាប់តែជនសង្ស័យដើរចូលទៅ មើលនេះ មើលនោះ រួចបន្លំលួចយកទូរស័ព្ទដៃចំនួន០៨គ្រឿងដាក់ក្នុងថង់បម្រុងដើរចេញ ត្រូវបានបងប្អូននៅក្បែរនោះឃើញទាន់ ឃាត់ខ្លួន ផ្អើលទាំងថ្លៃ រួចប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពីម្ចាស់រងគ្រោះឃាត់បាន ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ រួមជាមួយវត្ថុតាង មានទូរស័ព្ទចំនួន០៨គ្រឿង៕

អត្ថបទ៖ តាតុង សែនជ័យ

Share.