ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោពីធ្វសកម្មភាពផ្លោះរបងចូលលួចខ្សែភ្លើងបានសម្រេចកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី ត្រង់ចំណុចបុរីហេងឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួន០១នាក់ ឈ្មោះ រ៉ា ឆវិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ចឹម ថៃ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសាងសង់ ស្នាក់នៅការដ្ឋានសំណង់ បុរីហេង ឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ឈ្មោះ ឡាច លន ហៅ ពៅ ភេទប្រុស អាយ៤៥ឆ្នាំ ជាសន្តិសុខ កំពុងអង្គុយយាមនៅបុរីហេងឃៀង ស្រាប់តែឃើញជនសង្ស័យ បានលោតផ្លោះរបងចូលក្នុងការដ្ឋានសំណង់បុរីហេងឃៀង។ ដោយមានការសង្ស័យក៏បានទៅប្រាប់ជនរងគ្រោះ ហើយអ្នកទាំងពីរបានដើរទៅមើលឃ្លាំងដាក់សម្ភារៈសំណង់ បានឃើញជនសង្ស័យកំពុងលួចខ្សែភ្លើងមិនទាន់ប្រើចំនួន០១ដុំ និងខ្សែភ្លើងប្រើរួចមួយចំនួន ប្រមូលដាក់ក្នុងការ៉ុងពណ៌លឿង ក៏បានឃាត់ខ្លួនជនសង្ស័យ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រួបគេធ្លាប់បានចូលលួចខ្សែរភ្លើងបានម្តងរួចមកហើយ ​ដោយបានយកទៅលក់ឱ្យឈ្មោះ ហុង ស្រីអិត ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​ ទើបនៅលើកទី២នេះក៏ត្រូវចាប់បានតែម្តង។​

បន្ទាប់ពីទទួលបានចម្លើយពីជនសង្ស័យ សមត្ថកិច្ចក៏បានហៅឈ្មោះ ហុង ស្រីអិត ដែលជាអ្នកទទួលទិញខ្សែភ្លើងខាងលើ មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។ នឹងឲ្យឈ្មោះ ហុង ស្រីអិត ធ្វើកិច្ចសន្យា លិខិតធានាឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖ សេង សាវី

Share.