ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគឥសាន្ដប្រទេសឥណ្ឌា បានកើនឡើងដល់ ៧១នាក់ កាលពីថ្ងៃអាទិត្យម្សិលម៉ិញបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ដោយមានអ្នកស្លាប់ថ្មីចំនួន ៩នាក់ទៀត ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈមនុស្ស ៤នាក់ ទៀតក៏បានបាត់ខ្លួនដែរ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយរដ្ឋ Assam (ASDMA) បាននិយាយថា អ្នកទាំង ៩នាក់ នេះបានស្លាប់ក្នុងហេតុការណ៍ផ្សេងៗគ្នា ដោយមនុស្ស ៣នាក់ បានស្លាប់នៅក្នុងការរអិលបាក់ដី ខណៈមនុស្ស ៦នាក់ ទៀត បានស្លាប់ដោយសារទឹកជំនន់។
របាយការណ៍ចុងក្រោយរបស់ ASDMA បានឲ្យដឹងថា ហេតុការណ៍គ្រោះដោយទឹកជំនន់នៅក្នុងរដ្ឋ Assam បានបង្កឲ្យភូមិចំនួន ៥,១៣៧ នៅទូទាំងស្រុកទាំង ៣៣ រងផលប៉ះពាល់ដោយការជន់លិច និង រអិលបាក់ដី ខណៈស្រុក Barpeta បានរងគ្រោះខ្លាំងជាងគេ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់រដ្ឋ Assam បានឲ្យដឹងថា ទន្លេ Brahmaputra ដែលជាទន្លេដែលហូរចេញពីទីបេរបស់ចិន បានហើមផ្ទុះច្រាំងរបស់ខ្លួន ហើយបានជម្លៀសប្រជាជនជាង ៣លាននាក់ ទៅកាន់ទីកន្លែងសុវត្ថិភាព ដោយកងទ័ពឥណ្ឌា និង កងទ័ពអាកាស ជាអ្នកជួយសង្រ្គោះក្នុងហេតុការណ៍នេះ។

សូមជម្រាបថា ប្រទេសឥណ្ឌា និង បង់ក្លាដេស តែងតែរងគ្រោះថ្នាក់ដោយសារព្យុះភ្លៀង ទឹកជំនន់ ជារៀងរាល់ឆ្នាំ ប៉ុន្ដែក្រុមអ្នកជំនាញបានអះអាងថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឲ្យគ្រោះធម្មជាតិនេះកើតឡើងកាន់តែញឹកញាប់ កាន់តែខ្លាំងក្លា និង ពិបាកក្នុងការប៉ាន់ស្មាន៕

