ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកណ្តាល ធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបង្ក្រាបបានបទល្មើសប្រដាប់ដោយអាវុធ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចមក កម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ត រហូតដល់សហការតាមបង្ក្រាបចាប់ខ្លួនបានជនសង្ស័យជួញដូរអាវុធនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។

ជនសង្ស័យចាប់ខ្លួនបាន ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល ។ សមត្ថកិច្ចដកហូតបានអាវុធខ្លី៣ដើម ៖ អាវុធខ្លីម៉ាកGlook19 លេខBPRV205 ,អាវុធខ្លីម៉ាកGlook លេខEVO403 ,អាវុធវែងម៉ាក CZ SCORPION EVO3A1 និងសម្ភារៈ បំពង់ខ្ទប់សម្លេងចំនួន១០ ,គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់ ,បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២ ,សម្ភារៈជួសជុលអាវុធមួយចំនួនទៀត ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖​ តាតុង សែនជ័យ

Share.