ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ចិន​ពី​ប្រទេស​រុស្ស៊ី​ បាន​កើន​ឡើង​ ៥៥% ធៀប​នឹង​ឆ្នាំមុន ដល់​កម្រិត​កំណត់ត្រា​មួយ​នៅ​ក្នុង​ខែ​ឧសភា ដោយ​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ជាអតីត​​អ្នក​ផ្គត់ផ្គង់​ដ៏ធំ​បំផុតរបស់​ចិន​បាន​ធ្លាក់​ទៅចំណាត់​ការ​លេខ​២ វិញ​។​

ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ធំ​ឲ្យ​ប្រទេស​ចិន​ ដោយ​បាន​លក់​ប្រេង​ឆៅ​បញ្ចុះ​តម្លៃ​ឲ្យ​ទីក្រុង​ប៉េកាំង​​ ចំ​ពេល​មាន​ទណ្ឌ​កម្ម​ជុំ​វិញ​សង្រ្គាម​នៅ​អ៊ុយក្រែន​។​ ដោយ​ហេតុ​តែ​តម្លៃ​ទាប​ ក្រុម​ហ៊ុន​ចិន​បាន​បង្កើន​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​នៅ​ឆ្នាំ​នេះ​។

យោង​តាម​ទិន្នន័យ​ពី​រដ្ឋបាល​គយ​ចិន នា​ថ្ងៃ​​ ច័ន្ទ បាន​ឲ្យ​ដឹង​ថា មាន​ការ​នាំ​ចូល​ប្រេង​របស់​រុស្ស៊ី​រួម​ទាំង​ការ​ផ្គត់​ផ្គង់​ដែល​បូម​តាម​បំពង់​ស៊ីបេរី​ប៉ាស៊ីហ្វិក​ភាគ​ខាង​កើត​ និង ការ​ដឹក​ជញ្ជូន​តាម​សមុទ្រកំពង់​ផែ​អឺរ៉ុប​​ សរុប​ចំនួន​ជិត​ ៨.៤២​លាន​តោន​។

ចំនួន​នោះ​បាន​រុញ​ច្រាន​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែលជា​អតីត​អ្នក​ផ្គត់​ផ្គង់​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​របស់​ចិន​ ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​ ២ ជាមួយ​នឹង​បរិមាណ​ ៧.៨២​លាន​តោន​។

ក្រុម​ហ៊ុន​ចិន​ រួម​ទាំង​ក្រុម​ហ៊ុនចម្រាញ់​ប្រេង​ដ៏​ធំរបស់​រដ្ឋ​ Sinopec និង​ ក្រុម​ហ៊ុន​ Zhenhua​Oil ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ផង​ដែរ​ បាន​បង្កើន​ការ​ទិញ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង​ ខណៈ​អ្នក​ទិញ​នៅ​អឺរ៉ុប​ និង សហរដ្ឋអាមេរិក​ បាន​បដិសេធ​ថាមពល​រុស្ស៊ី​ ស្រប​តាម​ការ​ដាក់​ទណ្ឌកម្ម​ជុំវិញ​សង្រ្គាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន​។​

ការ​បញ្ជុះ​តម្លៃ​រហូត​ដល់ ៣០% បានជួយ​ឲ្យ​ប្រទេស​រុស្ស៊ីរក្សា​នូវ​ទ្រព្យ​សម្បិត្តិ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្ខូច​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ក៏​ដោយ​។​

ទាក់​ទិន​នឹង​ការ​នាំ​ចេញ​ប្រេង​ វិមាន​ក្រឹម​ឡាំង​បាន​ប្រមូល​ប្រាក់​ប្រហែល​ ២០ពាន់​លាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ប្រេង​នៅ​ក្នុង​ខែ ​ឧសភានេះ​។

កាល​ពី​ខែ​មីនា​ សហរដ្ឋអាមេរិក​ និង ចក្រភព​អង់គ្លេស​ បាននិយាយ​ថា ពួក​គេ​នឹង​ហាម​ឃាត់​ប្រេង​របស់​រុស្ស៊ី​ ខណៈ​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ ការ​ពឹង​ផ្អែក​លើ​ឧស្ម័ន​របស់​រុស្ស៊ី​។

ប្រទេស​លោក​ខាង​លិច​ ក៏​បាន​បង្កើន​ការ​ឆ្លើយ​តប​ផ្នែកសេដ្ឋកិច្ច​ ចំពោះ​ការ​លុក​លុយ​របស់​រុស្ស៊ី​។ ជាមួយ​គ្នា​ លោក​ Joe Biden ប្រធានាធិបតី​អាមេរិក​ បាន​និយាយ​ថា វិធាន​ការ​នេះ​ ផ្ដោត​លើ​សរសៃ​ឈាម​សំខាន់​នៃ​សេដ្ឋ​កិច្ច​រុស្ស៊ី​។

ថ្វី​បើ​លោក​ខាង​លិច​បាន​នាំ​គ្នា​ដាក់​ទណ្ឌ​កម្ម​លើ​ប្រភព​ចំណូល​ដ៏​សំខាន់​ពី​ការ​លក់​ប្រេង​ឆៅ​របស់​រុស្ស៊ី​យ៉ាង​ណា​ក្ដី​ ប៉ុន្ដែ​រុស្ស៊ី​បាន​លើក​ឡើង​ថា វា​មិន​មានអ្វី​ធ្ងន់​ធ្ងរ​សម្រាប់​ខ្លួន​ឡើយ​ផ្ទុយ​ទៅ​វិញ​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ និង តម្រូវ​ការ​របស់​ប្រទេស​លោក​ខាង​លិច​ទៅ​វិញទេ​៕

ប្រភព៖ BBC

Share.