ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ អាចហៅបានថាក្រុមក្មេងទំនើង ប្រដាប់ដោយដាវ ដំបង ខ្សែក្រវ៉ាត់ ចូលអុកឡុក វាយទៅលើក្រុមយុវជន យុវនារីមួយក្រុមដែលកំពុងអង្គុយហូបអី ទាំងគ្មានដឹងរឿង ទាំងគ្មានហេតុផល បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ប្រុស១នាក់ ស្រី១នាក់ និងយកទូរស័ព្ទរបស់ជនរងគ្រោះមួយគ្រឿងទៅបាត់ទៀត បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅសួនមុខវត្តបុទុបវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមយុវជន យុវនារីជាភាគីខាងរងគ្រោះ បានឲ្យដឹងថា ក្រុមរបស់ខ្លួនមិនដែលស្គាល់ ហើយក៏មិនមានទំនាស់អ្វីជាមួយសោះជាមួយក្រុមទាំងនោះដែរ ហើយមុនកើតហេតុ ពួកគេមានគ្នាប្រុសស្រី៧នាក់ កំពុងអង្គុយហូបអីនៅសួន ចំណុចកើតហេតុសុខៗ ស្រាប់តែមានក្រុមស្ទាវមួយក្រុម មានគ្នាប្រមាណជាង១០នាក់ មានប្រុស មានស្រី ជិះម៉ូតូច្រើនគ្រឿង និងរថយន្តព្រុសមួយគ្រឿង មកដល់ ដៃកាន់សុទ្ធតែដំបង ខ្សែក្រវ៉ាត់ ដាវ អង្រែបុកគ្រឿង ចូលមកគប់ វាយ បង្កភាពចលាចល បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ប្រុស១នាក់ ស្រី១នាក់ ខូចខាតម៉ូតូហុងដាឌ្រីមមួយគ្រឿង ហើយក្រុមទំនើងទាំងនោះវាយយកទូរស័ព្ទមួយគ្រឿង i phone 11 pro max ទៀតផង ហើយនាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ បន្សល់ទុកតែភាគីខាងរងគ្រោះ នៅស្រឡាំងកាំង ហើយត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល៕
អត្ថបទ៖ តាតុង សែនជ័យ

