ភ្នំពេញ៖យុវជនម្នាក់បានស្គាល់នារីម្នាក់ តាមហ្វេសប៊ុករយៈពេល 6 ខែមកហើយ តែមិនដែលបាន ជួបមុខគ្នាម្ដង សោះឡើយ។ ទើបតែនៅយប់ថ្ងៃកើតហេតុគឺយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២នេះ ខ្លួនបានជិះម៉ូតូទៅលេងនៅខាងមុខក្លឹប XZOOM។ ពេលកំពុងអង្គុយលេងសុខៗ ក៏ឃើញនារីដែល ស្គាល់តាមហ្វេសប៊ុកឆាត ហៅឱ្យ ទៅ យករកកន្លែងដេក ព្រោះថាខ្លួនគ្មានកន្លែងដេកនោះទេ។

យុវជនរងគ្រោះបានឲ្យដឹងថា ពេលនោះខ្លួនក៏បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ 022 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JN-9101 ដើម្បីដឹកស្រីស្នេហ៍នៅសង្កាត់ចោមចៅ 2 ឯណោះ។ ពេលដែលខ្លួនមកដល់ឃើញស្ថានភាពផ្លូវស្ងាត់ពិបាកធ្វើដំណើរ ខ្លួនមិនចង់ទៅទេតែដោយសារ មាន ការលួងលោមពីនារីជាស្រីស្នេហ៍ ក៏សម្រេចចិត្តជិះចូលទៅយកសង្សារទាំងប្រថុយ។ ពេលទៅដល់មិនទាន់បាននិយាយស្ដីអ្វីផង ក៏ត្រូវនារីរូបនោះកាច់សោរម៉ូតូ យករត់ចូលក្នុងព្រៃបាត់ មួយសន្ទុះស្រាប់តែលេចមុខជនសង្ស័យចំនួន 6 នាក់ ប្រដាប់ដោយដំបង កាំបិត ដាវ ប៉័ងតោ ធ្វើសកម្មភាព ដេញកាប់មកលើខ្លួន។ ដោយភ័យពេកខ្លួនក៏រត់បាតជើងសព្រាតចោលម៉ូតូនៅកន្លែង កើតហេតុ។ ឃើញឱកាសល្អ ក្រុមជនសង្ស័យ បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តទៀតថា ខ្លួនមានមុខរបរជាអ្នកដឹកអីវ៉ាន់អនឡាញ ហើយបង់រំលោះម៉ូតូនេះមិនទាន់ បានមួយ ខែផង ក៏ត្រូវក្រុមជនសង្ស័យកាប់ប្លន់យកទុកបាត់ស្រមោល។
ករណីសាសងស្នេហ៍តាមហ្វេសប៊ុកត្រូវស្រីស្នេហ៍ល្បួងកាប់ប្លន់ម៉ូតូបានសម្រេចនេះ កើតឡើងនៅ វេលាម៉ោង 11:30 យប់ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវលំខាងក្រោយផ្សារ កាណាស៊ី ក្នុងសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលសង្កាត់ចោមចៅ 2 ដើម្បីឲ្យសមត្ថកិច្ចតាមស្វែងរកក្រុមជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖លី សុភ័ស្ត
