ភ្នំពេញ ៖ អតីតយុទ្ធជនម្នាក់មានពិការភាពនិងកំពុងរស់ក្នុងជីវភាពខ្វះខាត ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូកង់បីទៅបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យូ សុគន្ធ ភេទប្រុស អាយុ៥៨ឆ្នាំ ជាអតីតយុទ្ធជន ហើយពិការជើងទៀត មានទីលំនៅក្នុងភូមិកើតហេតុ មានស្រុកកំណើត ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកម៉ូតូកង់បី ដែលជនសង្ស័យលួចយកទៅបាត់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HS-2546 ។
តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា បន្ទាប់មកពីរត់កង់បីវិញ គាត់បានចតទុកម៉ូតូខាងមុខបន្ទប់ ហើយចូលដេកសម្រាកបាត់។ លុះវេលាម៉ោង៥ព្រឹកងើបភ្ញាក់ ដើម្បីចេញទៅដឹកម៉ូយ ស្រាប់តែបាត់ម៉ូតូកង់បី។ លុះឆែកមើលកាមេរ៉ាសុវត្តិនៅតាមផ្ទះគេ ទើបដឹងថា ជនសង្ស័យគ្នា២នាក់ ធ្វើសកម្មភាពលួចយក នៅវេលាម៉ោង៣ទៀបភ្លឺ ។

ជនរងគ្រោះបានត្អូញត្អែថា គាត់មានតែម៉ូតូកង់បីមួយគ្រឿងនេះទេ គ្រាន់រកចំណូលចិញ្ចឹមជីវិត ជាជនពិការ សព្វថ្ងៃ ឥឡួវអស់រលីង ម្យ៉ាងកង់បីនោះទៀតសោត ខ្ចីលុយគេទិញទៀត លោកមិនដឹងថានឹងត្រូវពឹងផ្អែកទៅលើអ្វីសម្រាប់ ចិញ្ចឹមជីវិតប្រចាំថ្ងៃនោះឡើយ។
ក្រោយពីជនសង្ស័យលួចយកម៉ូតូកង់បីទៅបាត់ នៅព្រឹកថ្ងៃដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ឲ្យជួយស្រាវជ្រាវរកកង់៣និងនាំខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
អត្ថបទ៖តាតុង សែនជ័យ
