សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន៦០៤នាក់។ ពិធីនេះបានប្រារព្ធឡើងនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការគ្រប់គ្រងដំណើរការបង្រៀន និងរៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូជាតិនិងអន្តរជាតិ។ ឯកឧត្តមបានឱ្យដឹងថានិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលបានសញ្ញាបត្រនាឱកាសនេះមាន៦០៤នាក់ ក្នុងនោះនិស្សិតស្រីមាន៣១០នាក់។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការចូលរួមចំណែករបស់សប្បុរសជនទាំងអស់ ក្នុងការចូលរួមកសាងវិស័យអប់រំនៅកម្ពុជាឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស អាចឈានទៅធ្វើសមាហរណ៍កម្មទាំងក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានធ្វើឱ្យសាកលវិទ្យាល័យមានការប្រែលប្រួលរីកចំរើនឆាប់រហ័ស។

សម្ដេចក៏បានស្នើសាកលវិទ្យាល័យជំរុញភាពជាម្ចាស់ក្នុងការដឹកនាំ ដើម្បីសក្ដិសមជាសាកលវិទ្យាល័យជាតិ និងធ្វើនវានុវត្តន៍កម្មវិធីអប់រំឱ្យក្លាយទៅជាកម្មវិធីឌីជីថល ដោយមានមុខវិជ្ជាឌីជីថលប្រកបដោយភាពសប្បូរបែប និងមានកម្មវិធីអប់រំផ្គួប ឬកម្មវិធីរួមគ្នាជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិនានា និងក៏បានអរគុណដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិដែលបានផ្ដល់កិច្ចសហការជ្រោមជ្រែងឱ្យសាកលវិទ្យាល័យដើរតួនាទីក្នុងអនុវិស័យឧត្តមសិក្សាសម្រាប់ភូមិភាគពាយ័ព្យ និងទូទាំងប្រទេស។

សម្ដេចក៏បានបង្ហាញមោទកភាពដែលសាកលវិទ្យាល័យជាតិបាត់ដំបងបានបណ្ដុះបណ្ដាលនិស្សិតបានយ៉ាងច្រើនជារៀងរាល់ឆ្នាំជាមួយនឹងលទ្ធផលគុណភាពនៃការអប់រំកាន់តែប្រសើរ ធ្វើឱ្យនិស្សិតមានឱកាសឈានទៅចាប់យកឱកាសការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន។ សម្ដេចសង្ឃឹមថានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាទទួលសញ្ញាបត្រនាពេលនេះនឹងស្វះស្វែងរកការងារធ្វើ ព្រមទាំងទទួលបានជោគជ័យដូចរៀមច្បងដែលជាអតីតនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងនេះដែរ៕

Share.