ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២ បញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងករណីលួចលុយ មែ៉ធម៌ ជិត៤ម៉ឺនដុល្លារ។

បើតាមសមត្ថកិច្ច ជនសង្ស័យរួមមាន៖១.ឈ្មោះ រៀម សុខា ហៅ ខេមរ៉ាភេទប្រុសអាយុ៣៧ឆ្នាំ អតីតសង្ឃរស់នៅក្នុងវត្តស្ទឹងមានជ័យ ចាប់ខ្លួននៅផ្ទះកើតហេតុ ២ .ឈ្មោះ ហោ សំអុល ភេទប្រុស អាយុ២៨ឆ្នាំ ជាក្មួយរបស់ (រៀម សុខា) ចាប់ខ្លួននៅភូមិឈ្នះជ័យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ករណីលួចលុយម៉ែធម៌ឈ្មោះ អ៊ុក សាខន ភេទស្រី ប្រព្រឹត្តកាលពីកាលពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២២ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រៀម សុខា បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានស្គាល់លោកស្រី អ៊ុក សាខន និងប្ដីដែលរស់នៅប្រទេសបារាំងក្នុងពេលដែលខ្លួនបានទៅសូត្រមន្តកាលខ្លួនជាសង្ឃ ហើយក៏បានរាប់អានគ្នាជាកូនធម៌ ម៉ែធម៌រហូតមក ។លុះដល់ថ្ងៃទី ១៦ខែមិថុនា ឆ្នាំ២០២២ ម៉ែធម៌បានប្រើខ្លួនឲ្យទៅបើក លុយពីធនាគារចំនួន៣៦៧៥០ដុល្លារ ដែលផ្ញើពីបរទេស ។ ពេលមកដល់ផ្ទះក៏បានរាប់លុយជាមួយម៉ែធម៌ទុកដាក់រួចក៏ចេញដំណើរទៅខេត្តកំពង់ស្ពឺ យកកាតវ៉ាក់សាំង ហើយខ្លួនក៏បានចាក់សោរទ្វារមុខ មិនចាក់សោរទ្វារក្រោយទេ ហើយពេលរាប់លុយនៅក្នុងបន្ទប់នោះ ខ្លួនបានថតរូបភាពកន្លែងទុកលុយក្នុងបន្ទប់ និងផ្លូវចូលខាងក្រោយផ្ញើឲ្យឈ្មោះ ហោ សំអុល ដើម្បីចូលលួច ។ លុះដល់ពេលល្ងាចត្រឡប់មកវិញ ឈ្មោះហោ សំអុល បានទូរស័ព្ទប្រាប់ថា លួចបានជោគជ័យហើយ ។ បន្ទាប់មកខ្លួនបានទៅជួបហោ សំអុល ដកយកប្រាក់២១ ០០០ ដុល្លារ នៅសល់ប្រគល់អោយ ហោ សំអុល ហើយក៏បែកផ្លូវគ្នា ៕

អត្ថបទ៖ចតុមុខ

Share.