ភ្នំពេញ ៖ យុវជនម្នាក់ក្លាយជាជនសង្ស័យបទល្មើសឆក់កាបូបលុយ ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ខ្លួនបាន រីឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ កំពុងជិះម៉ូតូរួមជាមួយប្តី ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នៅតាម មហាវិថីឈ្នះ ឈ្នះ មុខក្រុមហ៊ុនផែស្ងួតតេង ឡាយ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ដែលចាប់ខ្លួនបាន មានឈ្មោះ ម៉ា រ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត រស់នៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ខៀវ ពាក់ស្លាកលេខបន្លំ ភ្នំពេញ 1JG-0667 ជាស្លាកលេខក្លែងក្លាយ ។ ចំណែកឯជនរងគ្រោះវិញមានឈ្មោះ ចក់ ចិន្តា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ដោយឡែក កាបូបដែលជនសង្ស័យឆក់យកទៅបាត់ មានលុយជាង៤០ដុល្លា , ទូរស័ព្ទដៃ ម៉ាក I phone 8 plush មួយគ្រឿង និងឯកសារមួយចំនួនទៀត ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់២នាក់ប្តីជិះម៉ូតូធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុ លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកឃ្លីក មកដល់ទន្ទឹមលូកកាច់សោពន្លត់ ហើយត្រូវបានជនសង្ស័យម្នាក់ទៀត ជិះម៉ូតូមកដល់ឆក់យកកាបូបលុយដែលក្រវ៉ាត់នៅចង្កេះ បានសម្រេចហើយ ជិះគេចខ្លួន ហើយក៏មានជនសង្ស័យម្នាក់ផ្សេងទៀតមកដល់ គម្រាមមិនឲ្យស្រែក ។

ជនរងគ្រោះបន្តទៀតថា ពេលដែលជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង រត់គេច ក៏ស្រែកដេញតាម ដល់ផ្លូវបេតុង ជាប់ឃ្លាំងអេតចាយ ត្រង់ផ្លូវបំបែកជាបួន ជនសង្ស័យម្នាក់ជិះម៉ូតូឃ្លីក ស្លន់ស្លោ ជ្រុលទៅបុកម៉ូតូ អ្នកដំណើរ ដួល ស្រែកឆោឡោ ផ្អើលពលរដ្ឋ ជួយចាប់ខ្លួនបានម្នាក់ រត់គេចបាត់២នាក់ យកទាំងកាបូបលុយទៅជាមួយផង ។
ជនសង្ស័យម្នាក់ រួមជាមួយម៉ូតូឃ្លីកមួយគ្រឿង នាំទៅសាកសួរបឋមនៅប៉ុស្តិ៍ចោមចៅទី៣ រួចប្រគល់ឲ្យប៉ុស្តិ៍ត្រពាំងក្រសាំងវិញ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជួនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖តាតុង សែនជ័យ
