សៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនសង្ស័យឈ្មោះ ឡាយ លើយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទី លំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបករណី ឆបោក និង បទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែន ព្រហ្មទណ្ឌបានបញ្ជាក់ថា យោងតាមដីកាសម្រេចអោយបើកការស៊ើប អង្កេតបឋម លេខ៣០៤អយក/២២ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ របស់លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងដីកាបញ្ជាឲ្យចូលខ្លួនលេខ៤២៦ អយឃ/២២ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី វ៉ា សក្តា ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានឲ្យដឹងថា នៅក្នុងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានឈ្មោះ ឡាយ លើយ ភេទប្រុស និងឈ្មោះ វន លីហូវ ភេទប្រុស បានអះអាងនៅ ចំពោះមុខដើមបណ្តឹងឈ្មោះ សំ សោម ថាពួកគេអាចរៀបចំដីឲ្យ ជនរងគ្រោះចំនួន ០៩ហិចតា សម្រាប់សាងសង់ និងធ្វើផ្ទះលំហែកាយស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដោយក្នុងមួយហិចតាតម្លៃ ១៥០០០ដុល្លារ ។ ដោយមានការជឿជាក់ និងទុកចិត្តលើជនសង្ស័យ ឈ្មោះ សំ សោម បានប្រគល់និងផ្ទេរប្រាក់ជាបន្តបន្ទាប់ ទៅអោយឈ្មោះ វន លីហូវ និងឈ្មោះ ឡាយ លើយ ចំនួន ១៧៦០០ដុល្លារ ដើម្បីរៀបចំ ដីសាងសង់របងនិងធ្វើបន្ទប់ទឹក។ បន្ទាប់ពីអ្នកទាំងពីរបានទទួលប្រាក់រួចហើយពួក គេបានគេចខ្លួនបាត់រហូត។
រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានអនុវត្តដីកាបញ្ជាអោយ ចូល ខ្លួន ឈ្មោះ ឡាយ លើយ យកមកសួរនាំ ហើយរូបគេបានសារភាពថា ខ្លួនពិតជា បាន ប្រព្រឹត្តបទល្មើសនេះមែន ។
ពេលសមត្ថកិច្ចចុះអនុវត្តដីកា ក៏បានរកឃើញ និងដកហូតអាវុធខ្លីម៉ាក GW១២៤៥ ផលិតឆ្នាំ១៩៦៦ នៅសហរដ្ឋអាមេរិច និងគ្រាប់ចំនួន ០២គ្រាប់។ពេលនោះជនសង្ស័យ បានឆ្លើយថារើសបាននៅរោងចាំចំការនៅភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕
អត្ថបទ៖ចតុមុខ
