ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ដឹកធុងឧស្ម័នចំនួន៦ធុង ដោយសារធ្វេសប្រហែស បណ្តាលឲ្យធ្លាយឧស្ម័នជាតិពុល បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវបានកងរុករកនិងសង្គ្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកនាំផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ ជាមេបញ្ជាការរងកងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ សង្គ្រោះ និងទប់ស្កាត់ ការពារនៃក្លិនបំភាយនោះ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋរងគ្រោះទាំង៣នាក់ ៖ ទី១ ឈ្មោះ បូ សុខណាង ភេទស្រី អាយុ៤០ឆ្នាំ , ទី២ ឈ្មោះ ម៉ៅ សុខា ភេទប្រុស អាយុ៤៩ឆ្នាំ , ទី៣ ឈ្មោះ ម៉ន សាមីត ភេទប្រុស អាយុ២០ឆ្នាំ ។ ជនរងគ្រោះទាំង៣ មានទីលំនៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក៏មានកងសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ កម្លាំងជំនាញក្រសួង មន្ទីរសុខាភិបាល សមត្ថកិច្ចជំនាញ អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ដល់ទីតាំងកើតហេតុ និងចាត់វិធានការ យកមធ្យោបាយដែលដឹកធុងឧស្ម័ននោះទៅការិយាល័យជំនាញ សុខាភិបាល និងចាត់វិធានការយកធុងដែលបានធ្លាយចំនួន៣ ចេញពីក្នុងទឹកត្រពាំងផងដែរ ជៀសវាងបង្កហារនិភ័យតទៅទៀត ។

ដោយឡែកអ្នកដឹកជញ្ជូនធុងឧស្ម័នទាំងនោះបានគេចខ្លួនបាត់ ។ជនរងគ្រោះចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ត្រូវបានក្រុងសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ ។ ហើយជុំវិញករណីខាងលើ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ៕
អត្ថបទ ÷តាតុង សែនជ័យ
