ភ្នំពេញ៖ នារីជនជាតិបរទេសម្នាក់បើកបររថយន្តមួយគ្រឿង បោះ ពួយ យ៉ាង លឿន រេចង្កូត បុក បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួន ១ដើម និង រថយន្ត រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីយប់ឈានចូលថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ ស្ថិត តាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧ មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2C-7079 បេីក ដោយ នារី ជនជាតិ បរទេស ម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បេីក ក្នុងល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏ស្រាប់ តែរេចង្កូតទៅខាងឆ្វេងបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់ចំនួន ១ដើម និង បណ្តាលឲ្យរថយន្ត ទទួលរងការខូចខាតចំផ្នែកខាងមុខខ្ទិចស្ទើរតែទាំងស្រុង។

បន្ទាប់ពីកើតហេតុនារីជាអ្នកបើកបរបានបើកទ្វារចុះពីលេីរថយន្ត រួចដេីរគេចខ្លួនចេញទៅ បាត់ស្រមោលបន្សល់ទុកតែរថយន្តនៅទីតាំងកើតហេតុតែប៉ុណ្ណោះ។
ក្នុងហេតុការណ៍មួយនេះក៏មានវត្តមានរបស់កម្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុរួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការត្រួតពិនិត្យបន្ថែមទៀតផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះវាស់ វែង និងបានយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេល ក្រោយបន្តទៀត៕

អត្ថបទ៖លី សុភ័ស្ត
