ភ្នំពេញ៖បុរសជនជាតិបរទេសម្នាក់បើក រថយន្តស៊េរីទំនើបមួយគ្រឿង បោះ ពួយ យ៉ាង លឿន បុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍ មួយ នេះ បានកើតឡើងនៅម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវទំនប់ ៧០ នៅក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានដឹងថា នៅមុនពេលកើត ហេតុគេបានឃើញ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-6080 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ទំនប់៧០ ក្នុងទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើត ហេតុបម្រុងនឹងបត់ទៅតាមបណ្ដោយផ្លូវ ១១៥ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-5871 បើកបរដោយ បុរសជនជាតិបរទេសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងទិសដៅ ស្របគ្នា ក្នុង ស្ថានភាព ល្បឿន លឿន ថែម ទាំង ខ្វះ ការ ប្រុង ប្រយ័ត្ន ក៏បានបុក រថយន្តម៉ាក Rang Rover ចំពីក្រោយពេញទំហឹង បណ្ដាល ឲ្យ រងការ ខូចខាត ចំផ្នែក ខាង ក្រោយ ចំហៀង ខាង ឆ្វេងយ៉ាងដំណំ ។ ចំណែក ឯ រថយន្ត FordRanger ទទួល រង ការ ខូច ខាត ចំផ្នែក ខាង មុខ ជំហៀង ខាងស្តាំខ្ទេចទាំងស្រុង ។

បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះ ទៅធ្វើការត្រួតពិនិត្យបន្ថែមទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងនិងបានយករថយន្តរបស់ភាគី ទាំងសងខាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖លី សុភ័ស្ត
