សេដ្ឋកិច្ច​របស់​ស្រីលង្កា​បាន​ «ដួល​រលំទាំង​ស្រុង​​»​ បន្ទាប់​ពី​កង្វះ​ខាត​ស្បៀង​អាហារ ប្រេង​ឥន្ទនៈ ថ្នាំ​ពេទ្យ​ ជី និង អគ្គិសនី​ជា​ច្រើន​ខែ​ នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេសនេះ​បាន​ប្រាប់​សមាជិក​សភា​ថា​ ស្ថានភាព​ក្នុង​ប្រទេស​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ស្រីលង្កា​ត្រូវ​ការ​ស្វែង​រក​ជំនួយ​ពី​អ្នក​ផ្ដល់​ប្រាក់​កម្ចី​អន្តរជាតិ​។​

ថ្លែង​ទៅ​កាន់​សភា​ នាយក​រដ្ឋមន្រ្តី​ស្រីលង្កា​ លោក​ Ranil Wickremesinghe បាន​ប្រាប់​ថា ប្រជា​ជាតិ​អាស៊ី​ខាង​ត្បូង​ប្រឈម​មុខ​នឹង​ «ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ​» ហើយ​លោក​បាន​ព្រមាន​អំពី​ «​ការដួលរលំ​ដែល​អាច​ឈាន​ដល់​ការ​ដួល​រលំ​ទាំង​ស្រុង​» ដោយ​បន្ថែម​ថា​ ការ​កាត់​បន្ថយ​ទុន​បម្រុង​បរទេស​ គឺ​ជា ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​ហិរញ្ញវត្ថុ​ឡើង​វិញ​។

លោក Wickremesinghe បាន​ឲ្យ​ដឹង​ថា ប្រទេស​ស្រីលង្កា​ត្រូវ​ការ​ទំហំ​ទឹក​ប្រាក់​ ៥ពាន់​លាន​ដុល្លារ​ ដើម្បីស្ដារ​ និង ​ផ្គត់​ផ្គង់​សេដ្ឋកិច្ច​ ក៏​ដូច​ជា​តម្រូវ​ការ​សំខាន់ៗ​ សម្រាប់​រយៈ​ពេល​ ៦​ខែ​ ខាង​មុខ​។ លោក​បន្ដ​ថា «រៀង​រាល់​ ២​សប្ដាហ៍​ ចាប់​តាំង​ពី​ការ​ឡើង​កាន់​តំណែង​របស់​រដ្ឋាភិបាល​នេះ លោក​បាន​ចាត់​វិធាន​ការ​ដើម្បី​ជូនដំណឹង​ដល់​ប្រជាជន​អំពី​ស្ថាន​ភាព​ជាក់​ស្ដែង​ដែល​ប្រទេស​នេះ​ត្រូវ​ប្រឈម​មុខ​ និង វិធាន​ការ​ដែល​យើង​កំពុង​អនុវត្ត​ដើម្បី​ដោះ​ស្រាយ​»​។

កាល​ពី​ខែ​មេសា​ ស្រីលង្កា​ប្រកាស​ថា បាន​ជំពាក់​បំណុល​បរទេស​ទាំង​អស់​របស់​ខ្លួន ហើយ​ប្រទេស​ដែនកោះ​ដែល​មាន​ប្រជាជនជាង ២០​លាន​នាក់​នេះ​ បាន​ជួប​ប្រទះ​នូវ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់​ទ្រាយ​ធំ​ ចំពេល​មាន​វបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុតរបស់​ខ្លួន​។​

ហើយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ ឧសភា​ ប្រទេស​នេះ​បាន​បញ្ជាក់​ថា ស្រីលង្កា​បាន​រង​គ្រោះ​ដោយ​សារ​វិបត្តិ​អស់​ប្រេង​ឥន្ទនៈ​ប្រើ​ប្រាស់​ផង​ដែរ បន្ទាប់​ពី​ទុន​បម្រុង​របស់​ប្រទេស​ដែល​សម្បូរ​អ្នក​ទេស​ចរ​មួយ​នេះ បាន​​ធ្លាក់​ចុះយ៉ាង​គំហុក​​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ដូច្នេះ​រាល់​ការ​ធ្វើ​ដំណើរ​ និង ការ​ផ្ញើ​ប្រាក់​ចូល​ប្រទេស​នេះ​គឺ​មាន​ការ​ជាប់​គាំងទៅ​មុខ​មិន​រួច​​។

សូម​ជម្រាប​ថា ទាក់​ទិន​និង​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​ គឺ​បាន​បណ្ដាល​ឲ្យ​មាន​ការ​លាលែង​ពី​តំណែង​របស់​អតីត​នាយករដ្ឋមន្រ្តី​ Wickremesinghe Mahinda Rajapaksa បន្ទាប់​ពី​មាន​ការ​តវ៉ា​ដោយ​ហិង្សា​៕

ប្រភព៖ Anadolu Agency

Share.