ភ្នំពេញ៖រថយន្តដឹកទំនិញបើកឡើងចំណោតមិនរួចរអិលថយក្រោយបុករថយន្តស៊េរីទំនើប១គ្រឿងបណ្ដាលឲ្យរងការខូចខាតមួយចំហៀងខ្លួនសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងកែងនឹងផ្លូវ៣៧១ ច្រកចូលវត្តពោធិញ្ញាណសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-2713ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងបានបើកឡើងចំណោត ឡើងទៅផ្លូវ ៣៧១។ខណៈឡើងជិតផុត ក៏រលត់ម៉ាស៊ីនរអិលរថយន្តថយក្រោយបុករថយន្តស៊េរីទំនើបម៉ាកTOYOTA HILUX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-9972 នៅពីក្រោយបណ្ដាលឲ្យរងការខូច ខាតមួយចំហៀងខ្លួន សំណាងល្អមិនបានបង្កឱ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ជួយសម្រួលចរាចរណ៍និងទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ សេង សាវី

Share.