រដ្ឋាភិបាលតៃវ៉ាន់បាននិយាយកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ថា តៃវ៉ាន់នឹងបរិច្ចាគប្រាក់ចំនួន ១លានដុល្លារអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះប្រទេសអាហ្វហ្គានីស្ថានដែលរងគ្រោះដោយសារ គ្រោះរញ្ជួយដី ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីអង្គការសហប្រជាជាតិ និង បណ្ដាប្រទេសដទៃទៀតសម្រាប់ជំនួយមនុស្សធម៌។
តៃវ៉ាន់មិនមែនជាសមាជិករបស់អង្គការសហប្រជាជាតិ ដោយសារសម្ពាធពីប្រទេសចិន ដែលចាត់ទុកកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៃទឹកដីរបស់ខ្លួន ប៉ុន្ដែតែងតែចង់បង្ហាញថា ខ្លួនជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងបរិច្ចាគ «ដោយផ្អែកលើស្មារតីនៃការព្រួយបារម្ភពីមនុស្សធម៌សម្រាប់ការសង្រ្គោះគ្រោះមហន្តរាយដោយមិនគិតពីព្រំដែនជាតិ និង ការឆ្លើយតបទៅនឹងអង្គការសហប្រជាជាតិ រួមទាំងការអំពាវនាវមនុស្សធម៌ផ្សេងទៀត»។
ទោះបីជាយ៉ាងណាក៏ដោយតៃវ៉ាន់នឹងមិនបញ្ជូនក្រុមស្វែងរក និង ជួយសង្រ្គោះទេ បន្ទាប់ពីបានពិគ្រោះជាមួយប្រទេសផ្សេងទៀត និង ពិចារណាលើការលំបាកនៃការដឹកជញ្ជូន នេះបើតាមអ្នកនាំពាក្យការិយាល័យតៃវ៉ាន់ លោក Xavier Chang បានបន្ថែម។

គួររំលឹកថា តៃវ៉ាន់ក៏ស្ថិតក្នុងតំបន់ដែលងាយនឹងរញ្ជួយដី ហើយតែងតែបញ្ជូនក្រុមជួយសង្រ្គោះទៅកាន់តំបន់គ្រោះមហន្ដរាយផ្សេងៗទៀត នៅជុំវិញពិភពលោក។
ស្របពេលជាមួយគ្នានេះដែរ ចិនបាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ជំនួយដល់អាហ្វហ្គានីស្ថាន ប៉ុន្ដែមិនទាន់ផ្ដល់ព័ត៌មានលម្អិតនៅឡើយទេ៕

