យោង​តាម​គេហ​ទំព័រ Global Petrol Prices គិត​ត្រឹម​ថ្ងៃ​ទី ២០ ​មិថុនា​ ឆ្នាំ​២០២២​ បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​សាំង​ Octane-95 ជា​មធ្យម​នៅ​ជុំ​វិញ​ពិភព​កលោក​គឺ​ ១.៤៦​ដុល្លារ​អាមេរិក​ ស្មើ​នឹង​ ៥៩២០,៥៨​រៀល​ ក្នុង​ ១លីត្រ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តម្លៃ​ប្រេង​នេះ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេសនា​នា​​នៅ​ទូ​ទាំង​ពិភព​លោក​។

ជា​ធម្មតា​ ប្រទេស​អ្នក​មាន​ មាន​តម្លៃ​ប្រេង​​ខ្ពស់​ជាង​ប្រទេស​ក្រី​ក្រ​ ខណៈ​ដែល​ប្រទេស​ក្រី​ក្រ​ ប្រទេស​ដែល​ផលិត​ និង​ ប្រទេស​នាំ​ចេញ​ប្រេង​មាន​តម្លៃ​ទាប​ជាង​ខ្លាំង​។​ ភាព​ខុស​គ្នា​នៃ​តម្លៃ​ទូទាំង​ប្រទេស​គឺ​ ដោយ​សារ​តែ​ពន្ធ​ប្រេង​នៃ​ប្រទេស​នី​មួយ​ៗ​ខុស​ៗ​គ្នា​ ប្រទេស​ទាំង​អស់​មាន​សិទ្ធិ​ទទួល​បាន​តម្លៃ​ប្រេង​ដូច​គ្នា​នៃ​ទី​ផ្សារ​អន្តរជាតិ​ ប៉ុន្ដែ​បន្ទាប់​មក​សម្រេច​ចិត្ត​ដាក់​ពន្ធ​ប្រេង​ផ្សេង​ៗ​គ្នា​ ទើប​តម្លៃ​ប្រេង​នៅ​តាម​បណ្ដា​ប្រទេស​នានា​មាន​ភាព​ខុស​គ្នា​។​

តម្លៃ​ប្រេង​សាំង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ មិន​ធ្លាប់​មាន​ពី​មុន​មក​ បាន​នាំ​ឲ្យ​ទំនិញ​គ្រប់​មុខ​លើ​ទីផ្សារ​ក៏​មាន​តម្លៃ​ហក់​ឡើង​ខ្ពស់​ដែរ​ ជាក់ស្ដែង​វា​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​។

តោះ​​មក​មើល​តម្លៃ​ប្រេង​សាំង​ Octane-95 នៅ​ប្រទេសទាំង​១០ ​ក្នុង​តំបន់​អាស៊ាន៖

១) សិង្ហបុរី ៖ មាន​​តម្លៃ ២.៣៣​ ដុល្លារ​អាមេរិក​ (៩,៥១៨​ រៀល​) ក្នុង ១លីត្រ​
២) ឡាវ ៖ មាន​តម្លៃ​ ១.៨៧ ​ដុល្លារ​អាមេរិក​ (៧,៦១៥ ​រៀល) ក្នុង ១​លីត្រ
៣) ហ្វីលីពីន​ ៖ មាន​តម្លៃ ១.៥៧​ ដុល្លារ​អាមេរិក (៦,៣៩២ ​រៀល​) ក្នុង ១​លីត្រ
៤) កម្ពុជា ៖ មាន​តម្លៃ ១.៥៨ ដុល្លារ​អាមេរិក​ (៦,៤៥០ ​រៀល​) ក្នុង ១​លីត្រ
៥) វៀតណាម​ ៖ មាន​តម្លៃ​ ១.៤៤ ដុល្លារ​អាមេរិក (៥,៨៦៦ ​រៀល) ក្នុង ១​លីត្រ​
៦) មីយ៉ាន់ម៉ា ៖ មិន​មាន​តម្លៃ​នៅ​ក្នុង​ទិន្នន័យ Global petrol prices
៧) ថៃ ៖ មាន​តម្លៃ​ ១.៥០ ដុល្លារ​អាមេរិក (៦,១៣២ ​រៀល) ក្នុង ១​លីត្រ
៨) ឥណ្ឌូណេស៊ី​ ៖ មាន​តម្លៃ ១.១៩ ដុល្លារ​អាមេរិក (៤,៨៦៧ ​រៀល) ក្នុង ១​លីត្រ
៩) ម៉ាឡេស៊ី ៖ មាន​តម្លៃ ០.៤៦ ដុល្លារ​អាមេរិក (១,៨៩៥​ រៀល) ក្នុង ១​លីត្រ
១០) ប្រ៊ុយណេ ៖ មិន​មាន​តម្លៃ​នៅ​ក្នុង​ទិន្នន័យ Global petrol prices (ប៉ុន្ដែ​ជា​ធម្មតា​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​នេះ​មា​ន​តម្លៃ​​មិន​ខ្ពស់​នោះ​ទេ​)។

ទោះ​ជា​យ៉ាង​ណា ​មិ​ន​ទាន់​មាន​ទិន្នន័យ​ណា​មួយ​បញ្ជាក់​ថា ប្រទេស​ដែល​មាន​តម្លៃ​ប្រេង​សាំង​ទាបបំផុត​​ត្រូវ​បាន​គេ​ទិញ​បន្ដ​មក​លក់​ឲ្យ​ប្រទេស​ដែល​មាន​តម្លៃ​ប្រេង​កំពុង​ហក់​ឡើង​ខ្ពស់​នោះ​ទេ​។

ថ្វីត្បិត​ជា​តម្លៃ​ប្រេង​នៅ​ប្រទេសខ្លះ​មាន​ការ​ប្រែ​ប្រួល​ ប៉ុន្ដែ​បើ​មើល​ទៅ​ប្រទេសវេណេ​ស៊ុយអេឡា គឺជា​ ប្រទេស​ដែល​មាន​តម្លៃ​ប្រេង​សាំង​ទាបជាង​គេ​បង្អស់​លើ​ពិភព​លោក ​ដោយ​លក់​ប្រេង​ក្នុង​តម្លៃ​ ០.២២សេន​ ស្មើ​នឹង​​ជាង ៩០០​រៀល​ ប៉ុណ្ណោះ​ក្នុង​ ១លីត្រ។ មូលហេតុ​ដែល​ប្រទេស​នេះ​មាន​ប្រេង​សាំង​លក់​ក្នុង​តម្លៃ​ទាប​ជាង​គេ​បំផុត​នោះ​គឺ​ ប្រទេស​នេះ​​មាន​កន្លែង​ស្ដុក​ទុក​ប្រេង​ដ៏​ធំ​បំផុត​មួយ​លើ​ពិភព​លោក​៕

ប្រភព៖ Global Petrol Prices

Share.