គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ជា​ច្រើន​គ្រាប់​បាន​បាញ់​ស្រោច​ទៅ​លើ​តំបន់​អគារ​ Apartment និង នៅ​ជិត​សាលា​មតេ្តយ្យ​មួយ​ក្នុង​រដ្ឋ​ធានី Kyiv របស់​អ៊ុយក្រែន​នា​ថ្ងៃ ​អាទិត្យ​ ទី ២៦ ខែ មិថុនា (ម៉ោង​ក្នុង​ស្រុក​)។

ការ​បាញ់​ប្រហារ​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​ថ្កោល​ទោស​ថាជា «​ភាព​ព្រៃ​ផ្សៃ​» ខណៈ​មេ​ដឹក​នាំ​ពិភព​លោក​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ទីក្រុង​ម៉ូស្គូ​។

ការ​ផ្ទុះ​រហូត​ដល់​ទៅ​ ៤ដង​ បាន​អង្រួន​កណ្ដាល​ទី​ក្រុង​ Kyiv នៅ​វេលា​ម៉ោង ៦:៣០​នាទីព្រឹក ដែល​ជា​ការ​វាយ​ប្រហារ​លើក​ដំបូងក្នុង​រយៈ​ពេល ៣សប្ដាហ៍ ​ចាប់​តាំង​ពី​​ថ្ងៃ​ទី ០៥ ខែ មិថុនា មក​។

ក្រុម​មន្រ្តី​បាន​និយាយ​ថា វា​លឿន​ពេក​ក្នុង​ការ​និយាយ​ថា តើ​មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​ដែរ​ ឬ ក៏​អត់​ ហើយ​ប្រធាន​រដ្ឋ​បាល​យោធា​ក្នុង​តំបន់​ លោក អូលេកស៊ី ឃូលីបា (Oleksiy Kuleba) បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​ បាន​បាញ់​ទម្លាក់​មីស៊ីល​មួយ​គ្រាប់​ នៅ​ភូមិ​មួយ​ក្នុង​តំបន់​ជុំ​វិញ​នោះ​។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ លោក វីតាលី គ្លីតស្គោ (Vitali Klitshko) អភិបាល​ក្រុង Kyiv បាន​និយាយ​ថា «​យើង​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បញ្ឈប់​ការ​បាញ់​ប្រហារ​ហើយ​យក​មនុស្ស​ចេញ​ពី​អគារ​ដែល​ត្រូវ​បំផ្លាញ​។ យើង​សង្ឃឹម​ថា​ គ្មាន​នរណា​ម្នាក់​ស្លាប់​ទេ​ ប៉ុន្ដែ​ព័ត៌មាន​ចុង​ក្រោយ​ យើង​នឹង​ទទួល​បាន​ក្នុង​រយៈ​ពេល​ ២ ឬ ៣ ម៉ោង​ទៀត​។

ដោយ​ឡែក​អភិបាល​រង​ក្រុង​ Kyiv លោក មីគូឡា ភូវ៉ូរ៉ូនស្នីគ (Mykola Povoroznyk) បាន​និយាយ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ និង ៦នាក់​ទៀត​រង​របួស​។

ទាក់​ទិន​ករណី​នេះ​ លោក Biden ​បាន​និយាយថាជា «​អំពើ​ព្រៃផ្សៃរបស់​ពួកគេ​» ខណៈ​ដែល​មេដឹក​នាំ G7 បាន​ប្រមូល​ផ្ដុំ​គ្នា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ដោយ​សំដៅ​ទៅ​លើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​លើ​ទីក្រុង​ Kyiv។

ជាមួយ​គ្នា​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ុយក្រែន​ លោក ឌីមីដ្រូ គូលីបា (Dmytro Kuleba) បាន​និយាយ​ថា បណ្ដា​ប្រទេស​ G7 គួរ​តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​មីស៊ីល​ចុង​ក្រោយ​បំផុត​នេះ​ ដោយ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​លើ​រុស្ស៊ី​ និង​ ការ​ផ្ដល់​អាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ អាទិត្យ​ សប្ដាហ៍​មុន​ នៅក្នុង​កិច្ច​ប្រជុំ​នៃ​ប្រទេស​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន G7 ​ដែល​មាន​ការ​ចូល​រួម​ពី​ចក្រភព​អង់គ្លេស កាណាដា ជប៉ុន និង​ សហរដ្ឋ​អាមេរិក បាន​ស្នើ​ឲ្យ​បណ្ដាប្រទេស​ផ្សេង​ៗ​ដែល​អវត្តមាន​ក្នុង​កិច្ច​ប្រជុំ​ ហាម​ឃាត់​ការ​នាំ​ចូល​មាស​ពី​ប្រទេស​រុស្ស៊ី ដើម្បី​រឹត​បន្ដឹង​នូវ​ទណ្ឌ​កម្ម នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋកិច្ច​របស់​លោក​ ពូទីន ជាប់​គាំង​​។

សូម​ជម្រាប​ថា ការ​វាយ​ប្រហារ​ភាគ​ច្រើន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​ បាន​ផ្ដោត​ទៅ​​លើ​តំបន់​ ដុនបាស (Donbas) នៅ​ភាគ​ខាង​កើត​ ជា​កន្លែង​ដែល​ពួក​គេ​ប្រកាស​គ្រប់​គ្រង​ទីក្រុង​ សេវើរ៉ូដូណេស៊ីក (Severodonetsk) ទាំង​ស្រុង​ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​ដក​ខ្លួន​ចេញ​៕

ប្រភព៖ CNA

Share.