មនុស្ស​ចំនួន ៤នាក់​បានស្លាប់​ និង ប្រហែល​ ៧០​នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ អាទិត្យ​ (ម៉ោង​ក្នុង​ស្រុក) នៅ​ពេល​ដែល​កន្លែង​អង្គុយ​ទស្សនា​ការ​ប្រកួត​គោជល់​នៅ​ទីក្រុង El Espinal ប្រទេស កូឡុំប៊ី បាន​បាក់​រលំ​ភ្លាមៗ​។

វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​បាន​បង្ហាញ​ពី​កន្លែង​ទស្សនា​កម្ពស់​ ៣ជាន់​ ធ្វើ​ពី​ឈើ​ បាក់​រលំ​ភ្លាម​ៗ​ កំឡុង​ពេល​ប្រកួត​នៅ​ក្នុង​តំបន់​ Tolima ដែល​ហេតុ​ការណ៍​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​ Corraleja ​ដែលជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ San Pedro ដ៏​ពេញ​និយនៅកូឡុំប៊ី​។

អភិបាល​ក្រុង​ Tolima លោក Jose Ricardo Orozco បាន​ប្រាប់​វិទ្យុ​ Blu Radio ក្នុង​ស្រុក​ថា​ «​មាន​អ្នក​ស្លាប់​ ៤នាក់​ ដោយ​មាន​ស្រ្តីចំនួន ២នាក់ បុរស​ម្នាក់ និង អនីតិជន ១​នាក់​»។ ​មន្រ្តី​សុខា​ភិបាល​ក្នុង​តំបន់​និយាយ​ថា មន្ទីរ​ពេទ្យ​បាន​ព្យាបាល​មនុស្ស​ចំនួន ៣២២នាក់ ដោយ​ក្នុង​នោះ​មាន​ ៤នាក់ កំពុង​ស្ថិត​ក្រោម​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

ស្រប​ពេល​ជាមួយគ្នា​ ប្រធានាធិបតី​ផុត​អាណត្តិ​លោក Ivan Duque បាន​និយាយ​ថា នឹង​មាន​ការ​ស៊ើប​អង្កេត​មួយ​ ខណៈ​ប្រធានាធិបតី​ជាប់​ឆ្នោត​ Gustavo Petro បាន​ជំរុញ​ឲ្យ​មន្រ្តី​ក្នុង​តំបន់​ហាម​ឃាត់​ព្រឹត្តិការណ៍​បែបនេះ ហើយករណី​​នេះ​មិន​មែន​ជា​លើក​ទី​១ ឡើយនៅ​ក្នុង​ប្រទេស​៕

ប្រភព៖ Reuters

Share.